សម្ដេចក្រឡាហោម ស ខេង ៖ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដោយជំរុញការផ្សព្វផ្សាយអប់រំលើកកម្ពស់ការអនុវត្តច្បាប់

KCSM2025-04-06 03-59pm

បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌល់បាត់ដំបង បានថ្លែងថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវជំរុញការផ្សព្វផ្សាយអប់រំលើកកម្ពស់ការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំ និងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យ នៅកម្រិតអប្បបរិមា។

ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា នៅវត្តអន្តរទីបការាម ហៅវត្តអណ្តូងស្វាយ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ សម្ដេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍មួយចំនួន រួមមាន ៖ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តពង្រឹង និងថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំងបន្តលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សិទ្ធិសេរីភាព របស់ ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់ វិស័យជាបន្តទៀត។

សម្ដេចក្រឡាហោម ថា «អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវជំរុញការផ្សព្វផ្សាយអប់រំលើកកម្ពស់ការអនុវត្តច្បាប់អោយបានម៉ឺងម៉ាត់ជាប់ជាប្រចាំ និងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យ នៅកម្រិតអប្បបរិមា»។

សម្ដេចក្រឡាហោម បន្ថែមថា ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទ ល្មើសនានា នៅមូលដ្ឋាន ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿង ញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋានទូទាំងខេត្ត។

ទន្ទឹមនេះ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការសកម្មភាពអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលពាក់ព័ន្ធសមត្ថកិច្ចរបស់ខ្លួន ដូចជាការផ្តល់សេវាសាធារណៈ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធ តុលាការ ការលើកកម្ពស់ សោភ័ណ្ឌភាព អនាម័យ បរិស្ថាន និងជំងឺឆ្លងរាតត្បាត នានានៅតាមមូលដ្ឋាននីមួយៗ។ ជាមួយនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់មនុស្សយើង ក្តីបារម្ភក៏លេចឡើងមកជាមួយគ្នាដែរ នៅពេលបច្ចុប្បន្ននេះ។ ជាក់ស្ដែងយើងឃើញមានរូបភាព នៃអំពើឆបោកតាមអនប្រព័ន្ធអនឡាញ ដែលមានលក្ខណៈស្មុគស្មាញ ប្រទាក់ក្រឡានៅជុំវិញពិភពលោក រួមទាំងការកើនឡើងនៃផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាដើម។ ក្នុងន័យនេះ សម្តេច សូមស្នើឱ្យអាជ្ញាធរ ក៏ដូចជាគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ក្នុងនោះមានទាំងក្មួយៗ ជាសិស្សានុសិស្សដែរ សូមយកចិត្តទុកដាក់ចូលរួមបង្ការ ទប់ស្កាត់អំពើ ឆបោក តាមប្រព័ន្ធអនឡាញនេះ ចៀសវាងការខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជនតាមអនឡាញ៕

អត្ថបទ:សង្គម