អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកទុយយោ នៅស្រុកសេសាន

KCSM2025-04-04 05-19PM

(ស្ទឹងត្រែង)នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលស្រុកសេសាន បានរៀបចំពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកទុយយោ និងបានជំរុញឱ្យប្រជាពលរដ្ឋរស់នៅភូមិស្រែគរ១ ឃុំស្រែគរ តភ្ជាប់បណ្តាញទឹកស្អាតប្រើប្រាស់ ឱ្យបានគ្រប់ក្រុមគ្រួសារ ។ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះថា៖ ឱ្យថែរក្សាសមិទ្ធផលនេះឱ្យដូចជាសមិទ្ធផលរបស់យើង ដែលពុកម៉ែបងប្អូនមានភារកិច្ចការពារថែរក្សា ហើយនិងធ្វើឱ្យកាន់តែប្រសើរឡើង ។

ឯកឧត្តម អភិបាលខេត្តបានជឿជាក់ថា៖ ការជួយទំនុកបម្រុង តាមរយៈជួយពិនិត្យមើលជាប្រចាំ និងតាមរយៈស្មារតីទទួលខុសត្រូវខ្ពស់ ពីអាជ្ញាធរស្រុក ឃុំ គឺសមិទ្ធផលនេះនិងត្រូវបានថែទាំបានយូរអង្វែង ហើយនិងបង្កើនផលិតភាព និងការផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ដើម្បីឱ្យប្រជាជនទាំងអស់ទទួលបានសុខុមាលភាព អនាម័យ តាមរយៈការប្រើប្រាស់ទឹកស្អាត។

ឯកឧត្តម អភិបាលខេត្តបានបន្តថ្លែងថា៖ ដើម្បីឱ្យសមិទ្ធផល បន្តកើតមាននៅលើទឹកដីក្នុងមូលដ្ឋាននេះ គឺសូមឱ្យពុក ម៉ែបងប្អូនទាំងអស់បន្ត គាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បន្តដឹកនាំបន្តទៀតតាមរយៈ ការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ ទៅឃុំ ស្រុក និងការដឹកនាំរបស់រដ្ឋបាលខេត្ត ដើម្បីទុកលទ្ធភាពបាននូវបន្តបំរើឱ្យអស់ពីសមត្ថភាព ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានមានប្រសាសន៍ថា៖ប្រពន្ធ័ផ្គត់ផ្គងទឹកទុយយោ នេះ សាងសង់ដោយ អង្គការភ្នែន អន្តរជាតិកម្ពុជា សហការជាមួយ រដ្ឋបាលឃុំ ស្រែគរ និង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចំណាយថវិកាជាង៥ម៉ឺនដុល្លា ។ សហគមន៍ចូលរួម បដិភាគ ដី របង និងការថែទាំ ។ ប្រជាពលរដ្ឋ បានប្រើប្រាស់ ចំនួន ១៤៦ ខ្នងផ្ទះ ក្នុងនោះភូមិស្រែគរ១ ចំនួន ៧៦ ខ្នងផ្ទះ និង ភូមិស្រែគរ ២ ចំនួន ៧០ ខ្នងផ្ទះ ។
ដោយភាពជាដៃគូជាមួយរដ្ឋបាលខេត្ត និងស្រុកសេសាន និងសហគមន៍មូលដ្ឋាន អង្គការភ្លែនអន្តរជាតិមានមោទនភាពក្នុងការសម្ពោធប្រព័ន្ធទឹកស្អាតថ្មីនៅឃុំស្រែគរ ស្រុកសេសាន។

លោក យី គឹម ថាន នាយករងអង្គការភ្លែនអន្តរជាតិ កម្ពុជា បានថ្លែងថា ៖ ជាច្រើនជំនាន់មកហើយ គ្រួសារនៅទីនេះភាគច្រើនមកពីសហគមន៍ជនជាតិដើមភាគតិចនៅតំបន់ដាច់ស្រយាលត្រូវទិញទឹកដែលមានតម្លៃថ្លៃ ឬធ្វើដំណើរឆ្ងាយទៅកាន់ទន្លេ។ ស្ត្រី និង ក្មេងស្រីត្រូវចំណាយពេលនិងដើរ ផ្លូវ ឆ្ងាយ ទៅដងទឹក ឬត្រូវ ចំណាយ ជិត ១០ម៉ឺនរៀលក្នុង មួយ ខែ ក្នុង មួយគ្រួសារ ដើម្បីទិញទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។ ថ្ងៃនេះការលំបាក និងការប្រឈមទាំងនោះបានបញ្ចប់។ ទឹកស្អាតមកដល់មាត់ទ្វារផ្ទះរបស់ពួកគេ ដោយធានាឱ្យកុមារមានសុខភាពល្អ និងសហគមន៍កាន់តែមានសុខមាលភាព៕

អត្ថបទ:សង្គម