អភិបាលខេត្តតាកែវ អញ្ជើញសួរសុខទុក្ខ និងនាំយកសម្ភារប្រគល់ជូនកងកម្លាំងឈរជើង នៅព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ

KCSM2025-04-04 11-12AM

(តាកែវ)នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ អញ្ជើញសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកា ប្រគល់ជូនកងកម្លាំង ឈរជើងនៅព្រំដែន កម្ពុជា-ថៃ (ទិសប្រាសាទតាមាន់) ស្ថិតនៅភូមិសាស្រ្តខេត្តឧត្តរមានជ័យ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ។

មានប្រសាសន៍សំណេះសំណាលជាមួយកងកម្លាំងនាឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរ ចំពោះគំរូវីរៈភាពដ៏អង់អាចក្លាហាន ចំពោះកងកម្លាំងឈរជើងនៅទិសប្រាសាទតាមាន់ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី ដោយមិនឱ្យមានអ្នកណាម្នាក់ឈ្លានពានបានឡើយ។

សម្ភារដែល ឯកឧត្តម អភិបាលខេត្ត និងប្រតិភូរដ្ឋបាលខេត្តតាកែវ នាំយកមកជូន រួមមាន៖ វរសេនាតូចលេខ ៤២២ នៃកងពលថ្មើរជើងលេខ ៤២ អង្ករ ១២តោន, ទឹកត្រី ៣៥យួរ, ទឹកស៊ីអ៊ីវ ៣៥យួរ, ទឹកបរិសុទ្ធ ២៥កេស, ទឹកក្រូច ២៥កេស, ត្រីខ ៥០យួរ, សាច់ជ្រូក ៥០គីឡូក្រាម, បន្លែស្ពៃក្ដោប ២០គីឡូក្រាម, ពងទាសាប ៨០០គ្រាប់, ពងទាប្រៃ ៨០០គ្រាប់ និងថវិកាម្នាក់ៗ ៥ម៉ឺនរៀល។

ដោយឡែក វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០២ ៖ អង្ករ ៤តោន, ទឹកត្រី ១៥យួរ, ទឹកស៊ីអ៊ីវ ១៥យួរ, ទឹកបរិសុទ្ធ ១៥កេស, ទឹកក្រូច ១៥កេស, ត្រីខ ៥០យួរ, សាច់ជ្រូក ៥០គីឡូក្រាម, បន្លៃស្ពៃក្ដោប ២០គីឡូក្រាម, ពងទាសាប ២០០គ្រាប់, ពងទាប្រៃ ២០០គ្រាប់ និង ថវិកាម្នាក់ៗ ៥ម៉ឺនរៀល ៕

អត្ថបទ:សង្គម