ប្ដី-ឬ-ស្សា !ដែលវា-យប្រ-ពន្ធកូ-នខ្ចីយ៉នៅខេត្តរតនគិរី ត្រូវកម្លាំងនគរបាលឃា-ត់ខ្លួន
KCSM 2025-04-01 11:33am
(រតនគិរី)៖ ប្ដីដែលវាយទាត់ធាក់យ៉ាងព្រៃផ្សៃ ទៅលើប្រពន្ធមានកូនខ្ចី នៅភូមិប៉ាអរ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ។
ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននៃអំពើហិង្សានេះ លោក បានដាក់បទបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវ ធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានជន សង្ស័យឈ្មោះ ទីង ជឿន អាយុ៥៦ឆ្នាំ ជនជាតិទំពួន រស់នៅភូមិប៉ាអរ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី វេលាម៉ោង២៣៖៣៥នាទី នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
ជនសង្ស័យ បានសារភាពថា ខ្លួនបានផឹកស្រាស្រវឹង ហើយបានប្រើប្រពន្ធទៅអាំងសាច់ក្លែម តែប្រពន្ធមិនទៅ ក៏បានប្រើអំពើហិង្សាវាយទៅលើប្រពន្ធ ឈ្មោះ រចំ ហែន អាយុ៣០ឆ្នាំ ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានមកឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសារសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការទៅតាមច្បាប់។
ដោយឡែក ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ។
នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នគរបាលបានចុះទៅសួរសុខទុក្ខ និងនាំយកថវិការបស់លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាខេត្តដំបូងខេត្តរតនគិរី ចំនួន១លានរៀល និងថវិការបស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តចំនួន១លានរៀល ជូនស្រ្តីរងគ្រោះផងដែរ។