អាជ្ញាធរស្រុក និងមន្ទីរបរិស្ថានខេត្តស្នើឲ្យមន្ទីរធនធានទឹកខេត្តកោះកុង បង្ហាញគំនូសប្លង់ លើការចាក់ដីលើកទំនប់ទឹកប្រៃ ក្នុងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង
KCSM2025-03-12 02-31
ខេត្តកោះកុង÷ រដ្ឋបាលស្រុកបូទុមសាគរ និងមន្ទីរបរិស្ថានខេត្ដកោះកុងបានស្នើរឲ្យ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកោះកុង បង្ហាញគំនូសទីតាំងសាងសង់ទំនប់ទឹកប្រៃ និងធ្វើកិច្ចសន្យាការពារបរិស្ថាន ព្រមទាំងកិច្ចសហការបង្ហាញឯកសារពាក់ព័ន្ធមករដ្ឋបាលស្រុកបូទុមសាគរផងដែរ ។
ការស្នើរបែបនេះរបស់រដ្ឋបាលស្រុកបូទុមសាគរ និងមន្ទីរបរិស្ថានខេត្ដកោះកុង យោងតាមកំណត់ហេតុស្ដីពីការចុះពិនិត្យទីតាំងសាងសង់ទំនប់ទឹកប្រៃ១ខ្សែ ស្ថិតនៅក្នុងភូមិចំការលើ បញ្ចប់ទៅភូមិស្រែថ្មី ក្នុងឃុំថ្មស ស្រុកបុទុមសាគរខេត្តកោះកុង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានលួចបង្ហើបឲ្យដឹងថា ពាក់ព័ន្ធនឹងការសាងសង់ទំនប់ទឹកប្រៃនៅក្នុងទីតាំងខាងលើនេះគឺមន្ទីរធនធានទឹក បាន ប្រគល់ភារៈកិច្ចសាងសង់ទៅឲ្យ លោក តេង ហាន់ ប្រធានសហគមន៍នេសាទថ្មសរទទួលមើលការខុសត្រូវ ប៉ុនែ្តលោកតេង ហាន់ បានប្រគល់ការងារនេះ ទៅឲ្យ ឈ្មោះចាប កូនលោកឡាំ ឆេង ដែលមានដីនៅលើទីតាំងនោះជាអ្នកមើលការជំនួសវិញ ដោយបានចាក់ដីលប់ព្រៃស្មាច់ដែលជាដីគ្រប់គ្រងដោយបរិស្ថាន សំអាងលើផែនទីគំនូសប្លង់មួយ ដោយមិនមែនជាផែនទីគំនូសបង្ហាញទីតាំងចេញដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ឬក្រសួងធនធានទឹក និងឧតុនិយមនោះទេ ។
ចំណែកមន្ត្រីសាលាខេត្តកោះកុងម្នាក់បានបង្ហើបឲ្យដឹងថា ករណីការស្នើសុំការសាងសង់ឬជួសជុលអ្វីមួយដែលជាថវិការបស់រដ្ឋ មន្ទីរជំនាញត្រូវមានឯកសារពាក់ព័ន្ធដូចជា ប្លង់គំនូសបង្ហាញទីតាំង លិខិតចំណាយ និងលិខិតស្នើសុំទៅរដ្ឋបាលខេត្ត ទើបរដ្ឋបាលខេត្តពិនិត្យថាត្រឹមត្រូវ ទើបរដ្ឋបាលខេត្តធ្វើលិខិតស្នើសុំទៅរដ្ឋមន្ត្រីអង្គភាពសាមុី ដើម្បីរដ្ឋមន្ដ្រីអង្គភាពសាមុីខ្លួនបន្តរស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទម្លាក់ថវិការសម្រាប់សាងសង់ ឬធ្វើការជួសជុល ។
ពាក់ព័ន្ធនឹងបញ្ហានេះអ្នកសារព័ត៌មានយើងបានទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាមទៅសួរលោក សាញ់ មុនីរ័ត្ន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុងដែរ ប៉ុនែ្តពេលលោកបានចូលមើលហើយ តែលោកមិនបានឆ្លើយតបមកវិញនោះទេ ។
គួរបញ្ជាក់ដែរថា បើយោងតាមលិខិតរបស់ក្រសួងធនធានទឹក ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចុះហត្ថលេខា ដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ជម្រាបជូនលោកជំទាវអភិបាលនិងនៃគណៈអភិបាលខេត្តកោះកុង ក្នុងកម្មវត្ថុ សំណើសុំកិច្ចសហការបើកដំណើរការដ្ឋានចំនួន២កន្លែងនៅក្នុងខេត្តកោះកុង ត្រង់ចំណុចទី២ គឺ ការដ្ឋានជួសជុលទំនប់ការពារទឹកប្រៃចំការលើ (ជំហានទី១) ស្ថិតនៅក្នងឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង ប៉ុន្តែបែរជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ចាក់ដីលើកទំនប់ថ្មីលើដីគ្រប់គ្រងដោយបរិស្ថានទៅវិញ ៕