2021-09-14 5.42pm

(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញលេខទូរស័ព្ទមួយខ្សែ ០៦៩ ៥១៦ ៩៩៩ សម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ជួយរាយការណ៍ ករណីមានមន្ត្រីបម្រើប្រជាពលរដ្ឋមិនបានល្អ ប្រើប្រាស់ពាក្យសម្តី កាយវិការមិនសមរម្យ ជាពិសេសផ្តល់សេវាទូទៅមានការយឺតយ៉ាវខ្លាំង ដោយទទួលយកឯកសារពីប្រជាពលរដ្ឋ ហើយយកទៅទុកចោលបាត់ ដោយមិនបានធ្វើទាន់ពេលវេលា។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញKCSM TV news នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះថា មួយរយៈពេលចុងក្រោយនេះ ដោយអនុវត្តតាមការ ណែនាំ និងបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សង្កេតឃើញថាសមត្ថកិច្ចមូលដ្ឋានតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលនៅជិតប្រជាពលរដ្ឋ ភាគច្រើនបានបម្រើសេវាទូទៅជូនប្រជាពលរដ្ឋបានយ៉ាងល្អដូចជា៖ ការទទួលពាក្យបណ្តឹង ការប្រើប្រាស់ពាក្យសម្តី និងកាយវិការសមរម្យ ការយកចិត្តក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ បានឆាប់រហ័សជូនប្រជាពលរដ្ឋ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើនៅមានមន្ត្រីបម្រើប្រជាពលរដ្ឋមិនបានល្អ ប្រើប្រាស់ពាក្យសម្តី កាយវិការមិនសមរម្យ ជាពិសេសផ្តល់សេវាទូទៅមានការយឺតយ៉ាវខ្លាំងដោយទទួលយក ឯកសារពីប្រជាពលរដ្ឋ ហើយយកទៅទុកចោលបាត់…ហើយមិនបានធ្វើទាន់ពេលវេលាជូនប្រជាពលរដ្ឋសូមទាក់ទងមកលេខ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស៖ ០៦៩ ៥១៦ ៩៩៩»

លោកវរសេនីយ៍ឯក សាន សុខសីហា ក៏បានលើកឡើងទៀតថា ទោះជាយ៉ាងណា ក៏នៅតែមានមន្ត្រីមួយចំនួនតូច នៅតែអនុវត្តការងារខាងលើមិនទាន់បានល្អនៅឡើយ ដូចជាករណីមន្ត្រីប៉ុស្តិ៍មួយចំនួន បានទទួលយកឯកសារពីប្រជាពលរដ្ឋមកបំពេញបែបបទ បែរជាទុកចោលអស់រយ:ពេលជាច្រើនខែឆ្នាំ ដោយមិនបានធ្វើជូនប្រជាពលរដ្ឋនោះទេ។

លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋ លើករណីយឺតយ៉ាវទាំងនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅមន្ត្រីពាក់ព័ន្ធ ដើម្បីដោះស្រាយ និងធ្វើភ្លាមៗជូនប្រជាពលរដ្ឋដោយត្រឹមតែមួយថ្ងៃបានរៀបចំធ្វើសៀវភៅគ្រួសារ និងប្រគល់ជូនគាត់ភ្លាមៗផងដែរ៕