ជនបង្ក​បើក​បុក​តារា​ចម្រៀង​រ៉េប​ Ruth Ko ជាប់​ចោទ​ពីបទ​បើក​បរ​បង្ក​គ្រោះ​ថ្នាក់​ និង​បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​

KCSM 2025-01-10 11-08am

សិល្បៈជាតិ៖ តំណាងអយ្យការចោទប្រកាន់អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់បណ្ដាលឱ្យតារាចម្រៀងរ៉េបម្នាក់ស្លាប់នៅផ្លូវ ៦០ ម៉ែត្រ ខណ្ឌមានជ័យ។ នេះបើតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥។

តាមសេចក្ដីប្រកាសសូមជម្រាបជូនដល់សាធារណៈជនមេត្តាជ្រាបថា កាលពីថ្ងៃទី៦ ខែមករាឆ្នាំ២០២៥ វេលាម៉ោង ០១.៣០នាទី គឺមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចមុខច្រកចូលបុរីប៉េងហួតផ្លូវ៦០ម៉ែត្រស្ថិតក្នុងសង្កាត់ ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក lexus rx 300 ពណ៌សពាក់ស្លាកលេខខេមរៈភូមិន្ទ09 2.2477 ជាមួយនិងម៉ូតូមួយគ្រឿងម៉ាក HONDA CRF ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AL-9616 បណ្ដាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវីឌ ឬទ្ធិរុទ្រ ភេទប្រុសអាយុ ២៤ឆ្នាំ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។

ផ្អែកតាមការសន្និដ្ឋានរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ករណីខាងលើនេះកើតឡើងដោយសារអ្នកបើកបររថយន្តបើកបទឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិយានផ្លូវត្រង់ ចំណែកអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន។

ក្រោយពីទទួលបានសាកសួរនិងពិនិត្យផ្ទៀងផ្ទាត់ភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការសម្រេចចោទប្រកាន់អ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស កើតឆ្នាំ១៩៨៩ (ឃាត់ខ្លួន)ពីបទបើកបរបងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់អ្នកដទៃតាមមាត្រា ៨៥ នៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនិងបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ:សង្គម