(Update ព័ត៌មាន)រថយន្តតាក់សុីដឹកភ្ញៀវបើកបុ.កទ្រូងផ្លូវ ក្រឡាប់ឆេះ ស្លា.ប់២នាក់ ជាប់ក្នុងរថយន្ត របួសម្នាក់

KCSM 2025-01-04 10-49am

កណ្តាល ៖ រថយន្តPrius រត់តាក់សុីមួយគ្រឿង ដឹកភ្ញៀវ២នាក់ ប្រុស១នាក់ ស្រី១នាក់ បើកបរល្បឿនលឿន ជ្រុលបុកទ្រូងផ្លូវ បណ្តាលឱ្យក្រឡាប់ឆេះ អ្នកបើកបរលូនចេញរួច របួសបាក់ដៃ ចំណែកភ្ញៀវ២នាក់ស្លាប់ជាប់ក្នុងរថយន្ត បង្កឱ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិ២១ ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

រថយន្តជួបគ្រោះថ្នាក់ ម៉ាក TOYOTA PRIUS ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BD-1735 ជារថយន្តតាក់សុី ដឹកភ្ញៀវប្រុសស្រី២នាក់ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុរថយន្តដឹកភ្ញៀវបើកពីជើងទៅត្បូង ល្បឿនលឿន ដល់ចំណុចកើតហេតុរេចង្កូតបុកទ្រូងផ្លូវ ប៉ើង១កង់ ក្រឡាប់ឆេះសន្ធោសន្ធៅ ហើយភ្លាមៗត្រូវបាន ក្រុមរថយន្តឈប់ដេកតាមផ្លូវក្បែរនោះ ជួយទាញយកអ្នកបើកបរចេញ របួសបាក់ដៃ ចំណែកភ្ញៀវ២នាក់ ជាប់ក្នុងរថយន្ត ភ្លើងឆេះកាន់តែខ្លាំង ស្លាប់ ។

ហេតុការណ៍ខាងលើ ជនរងគ្រោះម្នាក់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជំនះ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅអន្តរាគមន៍ បាញ់ពន្លត់ភ្លើង និងពិនិត្យស្រាវជ្រាវ ។

មកដល់ព្រឹកថ្ងៃដដែល វត្តមានក្រុមគ្រួសារនៃសព ទៅដល់ទីតាំងកើតហេតុ ដែលអះអាងថា កូនប្រុសរបស់គាត់បានស្លាប់ ឈ្មោះ ខៃ សោភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិឫស្សី សង្កាត់ដំណាក់ធំ៣ ខណ្ឌមានជ័យ រីឯសពនារីម្នាក់ទៀត ត្រូវជាសង្សារ គ្រាន់តែស្គាល់ឈ្មោះ ធី ស្រីលីន អាយុ២១ឆ្នាំ ។

ចំណែកអ្នកបើកបររថយន្ត រងរបួសធ្ងន់ ឈ្មោះ បាន សុខហេង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។