ពិធីបណ្ដែតកន្ទោង ឬកូនសំពៅ ក្នុងពិធីសែនជូនដំណើរដូនតា នាថ្ងៃភ្ជុំធំត្រូវបានបោះបង់ចោលនាបច្ចុប្បន្ននេះ?
KCSM 2024-10-02 03-35Pm
សិល្បៈជាតិ៖ កាលពីសម័យដើមនៃរាជព្រះបាទអង្គឌួង ខ្មែរយើងធ្វើពីធីសែនលាដូនតា ដោយបណ្ដែតកូនសំពៅតូចៗ បណ្ដែតកន្ទោង ឬ បណ្ដែតពែ។ រហូតមកដល់សម័យសង្គមរាស្ត្រនិយម ខ្មែរយើងបានលុបចោលពិធីបណ្ដែតកូនសំពៅ និង ពិធីបណ្ដែតកន្ទោង ព្រោះប៉ះពាល់ទៅដល់បរិស្ថានទឹក ដូចនេះហើយទំនៀមបណ្ដែតកូនសំពៅសែនលាដូនតា ត្រូវបានបោះបង់ចោលមកដល់បច្ចុប្បន្ននេះ ។
បើតាមទំនៀម នៅថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនិងថ្ងៃចុងក្រោយ នៃពិធីបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋខ្មែរមានជំនឿថា ដួងវិញាណនៃក្រុមសាច់ញាតិរបស់ខ្លួននិងមកលាក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃចុងក្រោយ ដែលគេតែងហៅថា ភ្ជុំធំ នៅល្ងាចម៉ោង ៥-៦ ល្ងាច។
ក្នុងពិធីសែនជូនដំណើរដូនតាម គេនិងរៀបចំបាយម្ហូបចំនីមួយថាស ដើម្បីសែនព្រេន អញ្ជើញដួងវិញាណនៃសាច់ញាតិមកសេពសោយអាហារ មួយពេលនេះ ដើម្បីឱ្យដួងវិញាណមកបរិភោគដោយស្រួលក្នុងផ្ទះរបស់ខ្លួនបាន។
គេត្រូវថ្ងៃរៀបចំដង្វាយសែនព្រេនមួយថាសតូចទៀតទៅដល់ ព្រះកឹង ឬ យមទូត ទាំងពីរ ដែលគេសម្គាល់ថា ជាខ្មោចស និង ខ្មោចខ្មៅ ដែលជាអ្នកឃ្លាំមើលទៅនិងសកម្មភាពរបស់ដួងវិញាណ ដែលយើងបានឧទ្ទិសមកសេពសោយក្នុងផ្ទះរបស់យើង នៅក្នុងការសែនដង្វាយដល់យមទូត ត្រូវរៀបចំដង្វាយដូចជា ៖ ក្បាលមាន់ សាច់ជ្រូកបីជាន់ ពងទាប្រៃ អំបិលស ១កូនចាន និង ស្រាសមួយពែង ដើម្បីជាកិច្ចស្នើសុំ ។
យោងទំនៀមទម្លាប់នេះហើយ ទើបនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ពិធីបណ្ដែតដូនតា ពលរដ្ឋខ្មែរដែលមានជំនឿទៅលើបុណ្យបាប តែងរៀបចំមិនដែលខ្វះចន្លោះឡើយ។ ជារួម ពិធីបណ្ដែតដូនតានេះ គឺគេតែងរៀបចំធ្វើនៅថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌរួច៕
អត្ថបទ:សង្គម