ចាប់ខ្លួនជនសង្ស័យម្នាក់ ករណីប្ល.ន់សម្លាប់ស្រ្តីម្នាក់យកម៉ូតូមួយគ្រឿង

KCSM2024-09-17 03-03pm

ឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយអាវុធហត្ថខេត្តកំពង់ធំ តាមចាប់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីធ្វើសកម្មភាពប្លន់សម្លាប់យកម៉ូតូពីស្ត្រីម្នាក់ ស្ថិតក្នុងភូមិទួលគ្រួស ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

ជនសង្ស័យឈ្មោះ សេង ឃាត ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ អូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ អូន អាន ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

តាមអាវុធហត្ថបានឱ្យដឹងថា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ជនសង្ស័យបានធ្វើសកម្មភាពប្លន់សម្លាប់ ស្ត្រីរងគ្រោះ យកម៉ូតូ មួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1E-3388 និងលុយចំនួន១លានរៀល ទូរស័ព្ទដៃOPPO ចំនួន១គ្រឿង បានសម្រេចហើយ គេចខ្លួនបាត់ ។

ក្រោយពីមានករណីចោរកម្មខាងលើ កម្លាំងសមត្ថកិច្ច ទាំងនគរបាល អាវុធហត្ថ ធ្វើការស្រាវជ្រាវ រហូតដល់ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងអាវុអហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងខេត្តកំពង់ធំ តាមចាប់ខ្លួនបាន ជនសង្ស័យរួចនាំយកទៅសាកសួរនៅការិយាល័យជំនាញ ទីបញ្ជាការអាវុធហត្ថខេត្តឧត្តរមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖តាតុងសែនជ័យ