កិច្ចប្រជុំរវាងភាគីកម្មករ​និយោជិកស្នើ​ដំឡើង​ប្រាក់​ឈ្នួល ១៤​ដុល្លា ខណៈ​ភាគី​និយោជក ស្នើ​ដំឡើង ត្រឹម​១​ដុល្លារ​បន្ថែម នៅ​ឆ្នាំ ២០២៥

KCSM2024-08-30 04-30m

(ភ្នំពេញ)ក្រុមតំណាង​ភាគី​កម្មករ​និយោជិកស្នើ​ដំឡើង ១៤​ដុល្លារ ខណៈ​តំណាង​ភាគី​និយោជក ស្នើ​ដំឡើង ១​ដុល្លារ​បន្ថែម នៅ​ឆ្នាំ ២០២៥​។ ការ​លើក​ឡើង​ពី​សំណើ​ប្រាក់​ឈ្នួល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិត​ផល​ធ្វើ​ដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៥ នា​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ ២០២៤ ។

ជា​លទ្ធផល នៃ​កិច្ច​ប្រជុំ​ត្រី​ភាគី ដែល​មាន​តំណាង​ភាគី​កម្មករ​និយោជិត តំណាង​ភាគី​និយោជក និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លើក​នេះ នៅ​មិនទាន់​សម្រេច​ជា​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ ហើយ​អង្គ​ប្រជុំ​បាន​ឯកភាព​គ្នា​កំណត់​កិច្ច​ពិភាក្សា​ជា​លក្ខណៈ​ត្រីភាគី​បន្ត​ទៀត នៅ​ព្រឹក ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០២៤​។

រដ្ឋមន្ត្រី​ក្រសួង​ការងារ បញ្ជាក់​ថា គោល​ជំហរ​នៃ​ភាគី​នីមួយ នឹង​ត្រូវ​ពិភាក្សា​សម្របសម្រួល នៅ​ក្នុង​កិច្ច​ប្រជុំ​ជា​បន្តបន្ទាប់​ទៀត ដោយ​ភាគី​ខ្លះ​អាច​នឹង​កើន ហើយ​ភាគី​ខ្លះ​អាច​នឹង​សម្រួល​បន្ថយ ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង​៕

អត្ថបទ:សង្គម