យុវជនដែលកាត់តក្លែងបន្លំ QR Code ចូល «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ
KCSM2024-08-29 11-14am
ភ្នំពេញ៖ សមត្ថកិច្ចធ្វើការបានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនខិលខូច ដែលបានកាត់តក្លែងបន្លំ QR Code ឆបោកប្រាក់ពីប្រជាពលរដ្ឋ បរិច្ចាគដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»ហើយ។ នេះបើតាមតេឡេក្រាម នាយកដ្ឋានព័ត៌មាន នៃគណៈឃោសនាអប់រំ គណៈកម្មាធិការកណ្តាល បានឱ្យដឹងនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
ជនល្មើសរូបនេះ មានឈ្មោះ សុំ កញ្ចណាក់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាអ្នករត់តុ។
ក្រោយឃាត់ខ្លួនជនល្មើសរូបនេះបានសារថា រូបគេ និងបក្ខពួកបានក្លែងបន្លំ QR Code ភ្ជាប់ជាមួយសារលិខិតថ្លែងអំណរគុណ របស់សម្តេចធិបតី និងបានផ្ញើទៅ Group Telegram មួយដែលមានឈ្មោះថា «មូលធិនិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ក្នុងគោលបំណងក្លែងបន្លំឱ្យប្រជាពលរដ្ឋ ផ្ញើថវិកាចូលមកគណនីរបស់ខ្លួន។
ជនល្មើសរូបនេះបានសារភាពថាខ្លួន និងបក្ខពួកពិតជាបានក្លែងបន្លំកាត់ត QR Code និងផ្ញើចូលGroup Telegram ឆបោកប្រជាពលរដ្ឋ ឱ្យវេរប្រាក់ឱ្យខ្លួន និងបក្ខពួកពិតប្រាកដមែន។
ជាមួយគ្នានោះ ផេកផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបង្ហោះជាសាធារណៈនូវគណនីក្លែងក្លាយនេះកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ដែរថា៖ «សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តាមប្រភពព័ត៌មាន មានជនឆ្លៀតឱកាសបានប្រើប្រាស់រូបភាពកេងចំណេញ ដោយយកលិខិតថ្លែងអំណរគុណរបស់សម្តេចធិបតី បានផ្សព្វផ្សាយចេញជាបន្តបន្ទាប់ ទៅផ្ញើជូនដោយសម្ងាត់ទៅបងប្អូន អ៊ំពូមីង តាយាយមួយចំនួន ដោយស្នើសុំជាទឹកចិត្តមួយចំនួនសម្រាប់ផ្ដល់ជូនក្រុមការងារ ដោយបញ្ជាក់ថា ខ្លួនជាក្រុមការងាររៀបចំលិខិតថ្លែងអំណរគុណ»។ សូមបញ្ជាក់ថា ការធ្វើលិខិតថ្លែងអំណរគុណ គឺក្រុមការងារបាននឹងកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ហើយខិតខំធ្វើដោយយកចិត្តទុកដាក់ សហការខ្ពស់ជាមួយនឹងក្រុមការងារពាក់ព័ន្ធទាំងអស់ រួមនឹងធនាគារ ដើម្បីធ្វើឱ្យប្រាកដថាឈ្មោះត្រឹមត្រូវ និងតួលេខនៃការចូលរួមផងដែរ។ ក្រុមការងារទទួលបន្ទុករៀបចំបោះពុម្ពលិខិតថ្លែងអំណរគុណ និងផ្សព្វផ្សាយ គឺធ្វើដោយមិនតម្រូវឱ្យមានការបង់ប្រាក់ ឬជាថ្នូរនៃទឹកចិត្តណាមួយសម្រាប់ក្រុមការងារនោះឡើយ។
ដូចនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ហើយប្រសិនបើមានការប្រព្រឹត្តិដូចករណីខាងលើ សូមរាយការណ៍មកជាបន្ទាន់ តាមរយៈផេក និង Telegram Channel ផ្លូវការរបស់សម្តេចធិបតី ដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការយ៉ាងតឹងរឹងចំពោះជននោះ៕
អត្ថបត៖ សង្គម