សមត្ថកិច្ចចាប់បានជនសង្ស័យ៤នាក់ ចូលគាស់ផ្ទះអ្នកលក់ទូរស័ព្ទ លួចម៉ូតូបានមួយគ្រឿង ចៃដន្យសមត្ថកិច្ចល្បាតឃើញដេញចាប់បាន២នាក់ គេចខ្លួន២នាក់
kCSM2024-08-27 01-36pm
ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿងឌុបគ្នាដើរធ្វើសកម្មភាពគាស់តូបអ្នកលក់ទូរស័ព្ទ លួចយកម៉ូតូហុងដាឌ្រីម បានសម្រេចហើយ បណ្តើរចេញ គាប់ជួនត្រូវបានកម្លាំងល្បាតរបស់ប៉ុស្តិ៍ចោមចៅទី២ ប្រទះឃើញផ្អើលរត់គេច ត្រូវបានកម្លាំងប្រដេញតាម ផ្តួលម៉ូតូចោលមួយគ្រឿង បន្តរត់គេចរហូតដល់ចំណុចភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ចាប់ខ្លួនបាន២នាក់ ដកហូតបានម៉ូតូមួយគ្រឿង។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យចាប់ខ្លួនបាន២នាក់ ទី១ ឈ្មោះ ដួង ចាន់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅតាមផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ ទី២ ឈ្មោះ ដាម បញ្ចឌី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យ២នាក់ទៀត រត់គេចខ្លួនបាត់ ឈ្មោះ លាង ភេទប្រុស អាយុ២៤ឆ្នាំ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ។
ចំណែកជនរងគ្រោះ ឈ្មោះ មាន សំបូរ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលជនសង្ស័យលួចយក ម៉ាកហុងដាឌ្រីម សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AJ-3134 ត្រូវបានយកមកវិញ ហើយបានប្រគល់ជូនជនរងគ្រោះវិញ ។
តាមប្រភពបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយដែកគាស់ ទៅធ្វើសកម្មភាពគាស់ផ្ទះអ្នកលក់ទូរស័ព្ទ លួចបានម៉ូតូហុងដាឌ្រីមមួយគ្រឿង របស់ជនរងគ្រោះដែលផ្ញើទុកក្នុងនោះ យកចេញបានហើយ គាប់ជួនកម្លាំងល្បាតរបស់ប៉ុស្តិ៍ចោមចៅទី២ ប្រទះឃើញចាប់ ជនសង្ស័យផ្តួលម៉ូតូរបស់ជនរងគ្រោះចោល បន្តរត់គេចរហូតដល់ក្បែររបងសាលាកសិកម្ម ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ចាប់ខ្លួនបាន២នាក់ ម៉ូតូ MSX មួយគ្រឿង ពណ៌ខ្មៅ គ្មានស្លាកលេខ ចំណែកជនសង្ស័យ២នាក់ទៀត រត់គេចខ្លួនបាត់ ។
ជនសង្ស័យទាំង២នាក់ និងម៉ូតូមួយគ្រឿង ក្រោយចាប់ខ្លួនបាន នាំយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី២ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី ចំណែកម៉ូតូហុងដាឌ្រីមមួយគ្រឿង បានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ៕
អត្ថបទ៖សង្គម