សម្តេចនាយករដ្ឋមន្ត្រីអំពាវនាវដល់ពលរដ្ឋឈប់ព្រួយបារម្ភណ៍ និងសង្ស័យលើគម្រោងព្រែកជីកហ្វូណនតេជោតទៅទៀត….!
KCSM2024-08-05 01-22pm
(កណ្តាល)យើងមានគម្រោងធំៗច្រើនណាស់ ទាំងស្ពានថ្នល់ ផ្លូវល្បឿនលឿន និងអាកាសយានដ្ឋានជាដើម ដែលបម្រើដល់សេដ្ឋកិច្ចជាតិ ប៉ុន្តែហេតុអ្វីបានជាគម្រោងព្រែកជីកហ្វូណនតេជោជាគម្រោងមួយដែលពិសេសជាងគេ? ពិសេសជាងគេត្រង់ថា គម្រោងមួយនេះមិនត្រឹមតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យសេដ្ឋកិច្ចជាតិ នោះទេ វាជាគម្រោងដែលបង្ហាញពីស្មារតីជាតិនិយមខ្ពស់មួយនៅក្នុងសម័យកាលថ្មីនេះ។ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤។
សម្ដេចនាយករដ្ឋមន្ត្រីអំពាវនាវដល់ប្រជាពលរដ្ឋមួយចំនួនឲ្យឈប់ព្រួយបារម្ភ និងមានមន្ទិលសង្ស័យលើគម្រោងព្រែកជីកមួយនេះ ចំពោះបញ្ហាបាត់បង់អធិបតេយ្យ បូរណភាពទឹកដី និងមិនបម្រើដល់ឧត្ដមប្រយោជន៍ជាតិ។ សម្ដេចគូសបញ្ជាក់យ៉ាងច្បាស់ៗថា ការបាត់បង់បូរណភាពទឹកដី គឺជារឿងមិនអាចទៅរួចឡើយ ហើយក៏គ្មានហេតុផលដែលនឹងអាចកើតមានបានដែរ។ ចំពោះអធិបតេយ្យលើគម្រោងវិញ កម្ពុជាមិនបានទៅខ្ចីបុលពីភាគីណាមកសាងសង់នោះទេ គម្រោងនេះគឺជាការវិនិយោគរបស់ក្រុមហ៊ុនឯកជន ដែលមានទំហំវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុកជាង៥០ភាគរយ ហើយជាង៤០ទៀត ជាការវិនិយោគរបស់ក្រុមហ៊ុនបរទេស។ នេះបញ្ជាក់ថា កម្ពុជាមានអធិបតេយ្យលើគម្រោងព្រែកជីកហ្វូណនតេជោរួចទៅហើយ។
ការសង្ស័យគ្នារវាងខ្មែរនិងខ្មែរគ្នាឯង វានឹងបង្កឲ្យមានការមិនទុកចិត្តគ្នា មិនទុកចិត្តរាជរដ្ឋាភិបាល និងធ្វើឲ្យបែកបាក់សាមគ្គីជាតិ ដែលបង្កមហន្តរាយដល់ប្រទេសជាតិ។ ហេតុនេះហើយបានជាសម្ដេចនាយករដ្ឋមន្ត្រីអំពាវនាវឲ្យឈប់សង្ស័យគ្នាតទៅទៀត ដោយតម្កល់សមិទ្ធផលជាក់ស្ដែងជាភស្តុតាង។
សម្ដេចក៏បានបញ្ជាក់ឲ្យយល់កាន់តែច្បាស់ថា ផ្ទុយពីការព្រួយបារម្ភ និងមន្ទិលសង្ស័យ នៅពេលគម្រោងនេះសម្រេចជាស្ថាពរ វានឹងក្លាយទៅជាច្រកដង្ហើមសេដ្ឋកិច្ច ប្រកបដោយសក្ដានុពល ជំរុញឲ្យកម្ពុជាកាន់តែមានឯករាជ្យផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកដោយមិនចាំបាច់ពឹងពាក់បរទេសទៀតទេ។ ជាមួយគ្នានេះកម្ពុជានឹងកាន់តែរឹងមាំផ្នែកនយោបាយផងដែរ៕
អត្តបទ:សង្គម