ជួលសន្តិសុខមកយាមការពារទ្រព្យ ដូចជួលចោរមកចាំលួច ! សន្តិសុខយាមបុរីបើកដៃឱ្យចោរចូលគាស់ផ្ទះពលរដ្ឋ លួចយកទ្រព្យសម្បត្តិជាច្រើនលើក....!
KCSM2024-07-04 01-35pm
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន២នាក់ជាបន្តបន្ទាប់ ក្នុងចំណោមបក្ខពួក១២នាក់ បន្ទាប់បានធ្វើសកម្មភាពចូលទៅលួចគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ កាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្ទះល្វែង ក្នុងបុរីមួយកន្លែង ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឃាត់ខ្លួនបានទី០១ ឈ្មោះ សុខ ចិន្តា ភេទប្រុស អាយុ៣៤ឆ្នាំ ព្រមទាំងបានដកហូតវត្ថុតាង ខ្សែភ្លើងកាត់កង់ៗចំនួន០២ វ៉ាឡូ, ម៉ូទ័រស្វាន ០១គ្រឿង, រណាអារដែក ០១ដេីម, ដង្កាប់ ០២ដេីម, ម៉ាលេត០១, ពិល ០១, កាំបិតតាំងតោ ០១ និង ជំពាមកៅស៊ូចំនួន០១ និងគ្រាប់កង់សំរាប់បាញ់ចំនួន០១ស្បោង។
ក្រោយឃាត់ខ្លួនជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានចូលគាស់ផ្ទះជនរងគ្រោះពិតប្រាកដមែន ដោយសារមានការសហការពីសន្តិសុខបុរី ជាអ្នកផ្តល់ព័ត៌មាន និងចាំមើលផ្លូវឱ្យ។ ភ្លាមៗកម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានបន្តចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ កែវ សុខវ៉េត ភេទប្រុស អាយុ៤៣ឆ្នាំ ដែលជាសន្តិសុខបុរីខាងលើបន្តទៀត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សុខ ចិន្តា បានឱ្យដឹងថា ខ្លួនមានបក្ខពួក១២នាក់ (ប្រុស ០៨នាក់ និងស្រី០៤នាក់) បានដើរធ្វើសកម្មភាពលួចគាស់ផ្ទះនៅតាមបុរី លួចយកទ្រព្យសម្បត្តិ បានមួយចំនួន ដូចជាខ្សែភ្លើង សម្ភារៈបន្ទប់ទឹក ទុយោ ម៉ាស៊ីនត្រជាក់ អំពូលភ្លើង។ល។ ចំពោះទីតាំងបុរីខាងលើនេះ ខ្លួនធ្លាប់លួចបានសម្រេច ០៧លើកមកហើយ ដោយមានសន្តិសុខយាមបុរីខាងលើជាអ្នកបោះដៃ និងចាំមើលផ្លូវឱ្យ
តាមចម្លើយជនសង្ស័យ កែវ សុខវ៉េត ក៏បានឱ្យដឹងដែរថា ខ្លួនជាសន្តិសុខយាមវេនយប់ក្នុងបុរីខាងលើ ហើយខ្លួនបានស្គាល់បុរសឈ្មោះ សុខ ចិន្តា រយៈពេល ០៧ ខែមកហើយ ហើយពិតជាបានចាំមើលផ្លូវអោយបុរសម្នាក់នោះ ចូលធ្វើសកម្មភាពលួចគាស់ផ្ទះលួចយកសម្ភារ:មួយចំនួន នៅក្នុងបុរីដែលខ្លួនធ្វើការចំនួន ០៧លើកពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕
អត្ថបទ:សង្គម