ឯកឧត្តម បណ្ឌិត គី សេរីវឌ្ឍន៍ និងលោកជំទាវ ព្រមទាំងមូលនិធិសប្បុរសជន បាននាំយកអំណោយសប្បុរសធម៌ផ្តល់ជូនមណ្ឌលកុមារកំព្រាព្រៃជុំ ខេត្តកំពង់ស្ពឺ…!

kCSM2024-06-29 11-39pm0

(កំពង់ស្ពឺ)នាព្រឹកថ្ងៃសៅរ៍ ៨ រោច ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត គី សិរីវឌ្ឍន៍ តំណាងមូលនិធិអប់រំកុមារ(មអក) រួមដំណើរដោយឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរសជន បាននាំយកនៅអំណោយ ជាសម្លៀកបំពាក់ និងសម្ភារៈសិក្សាសរុប ចំនួន ៤០ឈុត គ្រឿងឧបភោគ បរិភោគ ជូនដល់កុមារកំព្រា និងលោកគ្រូ អ្នកគ្រូ នៅមណ្ឌលកុមារកំព្រាព្រៃជុំ នៃសមាគមក្តីសង្ឃឹមរបស់ជនក្រីក្រ ស្ថិតនៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ សរុបចំនួន ៨៥ នាក់ ។

ក្នុងកិច្ចស្វាគមន៍លោក នៅ សារ៉ាត ប្រធានសមាគមក្តីសង្ឃឹមជនក្រីក្រ និងប្រធានមណ្ឌលកុមារកំព្រាព្រៃជុំ បានមានមតិស្វាគមន៍រៀបរាប់អំពីប្រវត្តិមណ្ឌលកុមារកំព្រាព្រៃជុំ នៃសមាគមក្តីសង្ឃឹមជនក្រីក្រ បានបង្កើតឡើងតាំងពីឆ្នាំ ២០០៤ ដោយទទួលស្គាល់ពីក្រសួងមហាផ្ទៃនាឆ្នាំ២០០៧ ក្នុងបេសកកម្មជួយសង្គ្រោះកុមារ កុមារកំព្រា កុមាររងគ្រោះ និងកុមារមានជីវភាពខ្វះខាត ដោយផ្តល់នូវលក្ខខណ្ឌរស់នៅសមរម្យ ការអប់រំ និងជំនាញចាំបាច់ប្រកបដោយសន្តិភាពតាមរយះគាំទ្រដ៏សប្បុរស ។ សព្វថ្ងៃ មានក្មេងរស់នៅមណ្ឌល ចំនួនសរុប ៦៥ នាក់ (ស្រី ២៣នាក់) ។ មណ្ឌលនេះមានសកម្មភាពជួយគាំពារដល់កុមារកំព្រា និងជនក្រីក្រ ព្រមទាំងបានបង្រៀនភាសាខ្មែរ អង់គ្លេស ចិន សិល្បះ កីឡា និងកុំព្យូទ័រដល់កូនៗក្នុងមណ្ឌល និងកូនប្រជាពលរដ្ឋរស់នៅជុំវិញមណ្ឌល បានជាង ១៧៤ នាក់ ជារៀងរាល់ថ្ងៃផងដែរ។

បន្ទាប់មកឯកឧត្តម គី សេរីវឌ្ឃន៍បានមានមតិសំណេះសំណាល ជាមួយថ្នាក់ដឹកនាំរបស់សមាគមលោកគ្រូអ្នកគ្រូ ពិសេសកុមារកំព្រា លើកទឹកចិត្តអោយខិតខំរៀនសូត្រ ស្តាប់តាមលោកគ្រូអ្នកគ្រូដែលបានគាំពារ ជៀសអោយឆ្ងាយពីគ្រឿងញៀន ហើយឯកឧត្តមបានសន្យានឹងជួយឧបត្ថម្ភ និងគៀងគរដល់សប្បុរសជនមកជួយដល់មណ្ឌលកុមារកំព្រាព្រៃជុំ ដើម្បីជាសេចក្តីសង្ឃឹមរបស់កុមារកំព្រាអត់ទីពឹងបន្តទៀតផងដែរ។
ក្នុងនោះដែរឯកឧត្តមនិងលោកជំទាវ ព្រមទាំងសប្បុរសជនបានឧបត្ថម្ភសម្ភារះរួមមាន÷
១. ទោចក្រយាន(កង់) ចំនួន ៩ គ្រឿង
២. អង្ករ ចំនួន ៨ បាវ (៥០គក/បាវ)
៣. កាតាប សៀវភៅសរសេរ សៀវភៅអានភាសាអង់គ្លេស ប៊ិច ខ្មៅដៃ ជ័រលុប..
៤. ខោ អាវ
៥. សាប៊ូ ថ្នាំងដុសធ្មេញ ទឹកដោះគោ
៦. មី ទឹកត្រី ទឹកស៊ីអុីវ អំបិល ស្ករស
៧. ក្ងាន ១គូ
៨ ជូនថវិកាដល់លោកគ្រូវ អ្នកគ្រូ និងអ្នកថែទាំក្មេងៗ ចំនួន ១៦ នាក់ (១០$/នាក់)។
សរុបជាថវិកា ចំនួន ៨០០ ដុល្លារអាមេរិក។

ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត និងសប្បុជន បានចុះពិនិត្យស្វែងយល់ទិដ្ឋភាពអគារសិក្សា បន្ទប់រៀន បណ្ណាល័យ អគារស្នាក់នៅ ផ្ទះបាយ និងប្រព័ន្ធចម្រោះទឹកស្អាតផងដែរ។

សូមរម្លឹកផងដែរថា មូលនិធិអប់រំកុមារ(មអក) បានបង្កើតឡើងដើម្បីជួយគាំទ្រដល់កុមារខ្វះលទ្ធភាពសិក្សា កុំឱ្យពួកគាត់បោះបង់ការសិក្សា។ បេសកកម្មរបស់មូលនិធិអប់រំកុមារ គឺកៀរគរថវិកា សម្ភារសិក្សាពីសប្បុរសជន ប្រើប្រាស់ប្រកបដោយតម្លាភាព ត្រឹមត្រូវ និងចំគោលដៅសម្រាប់ជួយដល់កុមារខ្វះលទ្ធភាពសិក្សាពិតប្រាកដ៕
ជាទីបញ្ចប់លោក នៅ សារ៉ាត ប្រធានមណ្ឌលបានថ្លែងអំណរគុណនិងជូនពរដល់ឯកឧត្តម គី សេរីវឌ្ឍន៍និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលបានឧបត្ថម្ភ សូមជួបនូវពុទ្ធិពរ៤ប្រការគឺអាយុ វណ្ណ: សុខ: ពល: និងបដីពាន:កុំបីឃ្លៀងឃ្លាតឡើយ ។