កំលាំងស្នងការរាជធានីភ្នំពេញ ! ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ៥នាក់ រឹបអូសថ្នាំញៀន ១៤៥គីឡូក្រាម នៅរាជធានីភ្នំពេញ》
៦
kcsm2024-06-22 11-40am
ភ្នំពេញ៖ ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត មួយចំនួន ដោយបានឃាត់ខ្លួនជនល្មើស ៥នាក់ (ជនជាតិតៃវ៉ាន់ ៤នាក់ និងជប៉ុនម្នាក់) និងរឹបអូសថ្នាំញៀនប្រភេទកេតាមីនសរុបទម្ងន់ ១៤៥គីឡូក្រាម។
យោងតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយោចង្វារ បើកប្រតិបត្តិការបង្ក្រាបជាក់ស្តែង ករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនបានជនសង្ស័យជនជាតិតៃវ៉ាន់ម្នាក់ឈ្មោះ ហ្វាន យានគួយ ភេទប្រុស អាយុ ២៦ឆ្នាំ នៅចំណុចក្នុងបុរីអ័រគីដេ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទកេតាមីនចំនួន ៣ដុំ ស្មើនឹង ៣គីឡូក្រាម។
បន្ទាប់មកនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤:១០នាទី កម្លាំងបន្តស្រាវជ្រាវ បង្ក្រាបបានបក្សពួកជនសង្ស័យចំនួន ៤នាក់ បន្ថែមទៀត ក្នុងនើជនជាតិតៃវ៉ាន់ ៣នាក់ និងជនជាតិជប៉ុន ១នាក់ នៅចំណុចបុរីអ័រគីដេ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានឈ្មោះ ស៊ូ ឈិនហៅ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន, ឈ្មោះ ហ័ង ហឺជៀន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន, ឈ្មោះ ហ្វាង ចឹងជីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន, និងឈ្មោះ ណូមូរ៉ា សូគីជី ភេទប្រុស អាយុ ៧៦ឆ្នាំ ជនជាតិជប៉ុន។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ក៏កម្លាំងយើងបានរឹបអូសថ្នាំញៀនប្រភេទកេតាមីនចំនួន ១៤២ដុំ ស្មើនឹង ១៤២គីឡូក្រាម, ម្សៅសារធាតុផ្សំគ្រឿងញៀនចំនួន ២គីឡូក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ៣, ឧបករណ៍សម្ភារសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងសំបកកញ្ចប់ថង់រូបតែសម្រាប់ច្រកថ្នាំញៀន(ខ្នាត១គីឡូក្រាម) ចំនួន ២០០កញ្ចប់។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ:សង្គម