KCSM2024-05-26 01-34pm

កំពង់ស្ពឺ៖ នៅថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ ដែលចាត់ចូលជាព្រះរាជពិធីទ្វារទសមាស។

ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ក្នុងឆ្នាំនេះ ​ប្រព្រឹត្តទៅ​នៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ស្ថិតក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ (ជាប់ផ្លូវជាតិលេខ៤) ក្រោម​ព្រះរាជាធិ​ប​តី​ភាព ​ព្រះករុណា ​ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធីប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ» និងការដាស់តឿនប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យដឹងថា រដូវវស្សាបានចូលមកដល់ហើយ។
តាមទម្លាប់ដូនតាខ្មែរ ពិធីនេះ ធ្វើឡើងក្នុងការផ្សងមើលប្រថ្នូលរបស់ប្រទេសជាតិ តាមការបរិភោគរបស់ «គោឧសភរាជ»។ ការផ្សងគោឧសភរាជ គឺ ព្រាហ្មណ៍ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យស៊ីផឹកអាហារ ៧យ៉ាង ដែលគេរៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺមានដូចជា៖ គ្រាប់ស្រូវ ១តុ គ្រាប់សណ្ដែក ១តុ គ្រាប់ពោត ១តុ គ្រាប់ល្ង ១តុ ស្មៅស្រស់ ១តុ ទឹក ១តុ ស្រា ១តុ។
សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹក មន្ដប្រោសក្បាលព្រះគោទាំង២ ហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័ល គេហៅថា «ស្ដេចមាឃ» ដឹកគោឧសភរាជទាំង២នោះ ទៅឱ្យបរិភោគ របស់ទាំង ៧យ៉ាង គឺដឹកទៅជិតរបស់ ៧យ៉ាងស្រេចហើយ តែគោឧសភរាជចូលចិត្ដបរិភោគអ្វី ក៏បរិភោគទៅគេមិនបង្ខំឱ្យបរិភោគ ចំពោះអាហារណានីមួយៗទេ កាលព្រះគោបរិភោគអ្វី ១យ៉ាង ឬ២យ៉ាង ព្រាហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះប្រកាសផ្សាយ។

ជាក់ស្ដែងនាឆ្នាំនេះ គោឧសភរាជ បានបរិភោគ ពោតចំនួន ៩៥ភាគរយ ស្រូវចំនួន ៩៥ភាគរយ និងសណ្ដែកចំនួន ៨៥ភាគរយ។

ការបរិភោគរបស់គោឧសភរាជ លើរបស់ទាំង ៣យ៉ាង ក្នុងចំណោម ៧យ៉ាង ទំនាយទាយថា ឆ្នាំនេះ ភោគផលកសិកម្មដំណាំ ពោត ស្រូវ សណ្ដែក នឹងទទួលបានទន្និផលល្អប្រសើរ៕

រូបភាព៖ សង្គម