KCSM2024-05-20 01-16pm

(អន្តរជាតិ)ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់បាននិយាយថា គិតត្រឹមព្រឹកថ្ងៃចន្ទ នេះ (ម៉ោងក្នុងស្រុក) ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេសរបស់លោក បានធ្លាក់កាលពីថ្ងៃអាទិត្យ ខណៈដែលវាកំពុងឆ្លងកាត់តំបន់ភ្នំក្នុងពេលដែលមានអ័ព្ទចុះខ្លាំង ហើយអ្នកជួយសង្គ្រោះកំពុងព្យាយាមទៅដល់កន្លែងនៃឧប្បត្តិហេតុនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CBC នាថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤។

ទីភ្នាក់ងារព័ត៌មានរដ្ឋអ៉ីរ៉ង់ IRNA បានរាយការណ៍ថា អាកាសធាតុអាក្រក់កំពុងធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដោយបន្ថែមថា ឧទ្ធម្ភាគចក្រនោះបានដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉េស៊ី (Ebrahim Raisi) រួមទាំងរដ្ឋមន្ត្រីការបរទេស លោក អាមីរ៉ាប់ដូឡាហ៊ាន (Hossein Amirabdollahian) និងមន្ត្រីក្នុងតំបន់ ដោយកើតហេតុនៅតាមផ្លូវអាកាសត្រឡប់មកពីដំណើរទស្សនកិច្ចទៅកាន់ព្រំដែនជាប់ប្រទេសអាហ្សែបៃហ្សង់ នៅភាគពាយព្យរបស់ប្រទេសអ៉ីរ៉ង់។

ទូរទស្សន៍រដ្ឋ បានដកស្រង់សម្តីមន្ត្រីម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលនិយាយថា យ៉ាងហោចណាស់អ្នកដំណើរម្នាក់ និងសមាជិកអាកាសយានិកម្នាក់បានទាក់ទងជាមួយក្រុមអ្នកជួយសង្គ្រោះ។ ប្រភពខាងលើក៏បាននិយាយផងដែរថា ឧទ្ធម្ភាគចក្រត្រូវបានរកឃើញ ទោះបីជាក្រុមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បានបដិសេធ របាយការណ៍នេះក៏ដោយ។
ស្របពេលកំពុងតាមស្វែងរកលោកប្រធានាធិបតីអ៉ីរ៉ង់ និងមន្រ្តីពាក់ព័ន្ធ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាម៉េណេ (Ayatollah Ali Khamenei) ដែលកាន់អំណាចចុងក្រោយដោយការនិយាយចុងក្រោយស្តីពីគោលនយោបាយការបរទេស និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានស្វែងរកការធានាដល់ប្រជាជនអ៊ីរ៉ង់ដោយនិយាយថានឹងមិនមានការរំខានដល់កិច្ចការរបស់រដ្ឋនោះទេ។
សូមជម្រាបថា បច្ចុប្បន្ននេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងទូរទស្សន៍ជាតិជាច្រើនបានផ្អាកការផ្សាយកម្មវិធីនានា ដើម្បីជំរុញឱ្យប្រជាជនអ៊ីរ៉ង់ អធិស្ឋានសម្រាប់ លោក Raisi ខណៈក្រុមជួយសង្រ្គោះ រួមទាំងប្រទេសជិតខាង និងសហភាពអឺរ៉ុបបានសម្ដែងនូវការព្រួយបារម្ភ ដោយផ្ដល់នូវសម្ភារៈជួយសង្រ្គោះទំនើបៗ ផ្ដល់ជូនយន្ដហោះដ្រូន ថែមទាំងផ្ដល់នូវផែនទីផ្កាយរណបពិសេសសម្រាប់តាមស្វែងរកមេដឹកនាំនៃប្រទេសអ៉ីរ៉ង់៕
ប្រភព៖ CBC

