KCSM2024-05-18 05-11pm



(សៀមរាប)នៅថ្ងៃ១៥កើត ខែពិសាខ ជាថ្ងៃដែលពុទ្ធសាសនិកទូទាំងសកលលោកតែងប្រារព្ធពិធីបុណ្យវិសាខបូជា ដែលជាមហាកុសលដ៏ប្រសើរ។ ពិធីបុណ្យវិសាខបូជា ប្រារព្ធឡើងដើម្បីរំឭកដល់ព្រឹត្តិការណ៍សំខាន់បីដែលបានកើតឡើងនៅក្នុងពុទ្ធប្រវត្តិ គឺ ថ្ងៃព្រះពុទ្ធសមណ:គោត្តមប្រសូត, ថ្ងៃទ្រង់ត្រាស់ដឹងសព្វញ្ញូញ្ញាណ, និងថ្ងៃព្រះអង្គយាងចូលបរិនិព្វាន។


ព្រះរាជាណាចក្រកម្ពុជាយើង ក៏ជាប្រទេសកាន់ព្រះពុទ្ធសាសនា (និកាយថេរវាទ) យ៉ាងខ្ជាប់ខ្ជួន ទាំងក្សត្រ នាម៉ឺនមន្ត្រី និងប្រជារាស្ត្រ។ ឲ្យតែដល់ថ្ងៃ៥១កើត ខែពិសាខ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋាន តែងរៀបចំកម្មវិធីនៅតាមវត្តអារាម និងទីសក្ការបូជាបែបព្រះពុទ្ធសាសនានានា ទៅតាមប្រពៃណីជាតិរបស់ខ្លួន ដើម្បីបានជាបុណ្យកុសលដ៏បវរប្រសើរ។

ក្នុងឱកាសមហាកុសលនេះ ជារៀងរាល់ឆ្នាំ លោកជំទាវ កែ សួនសុភី ស សុខា ជាពុទ្ធសាសនោបត្ថម្ភិកា មហាប្រសើរ ព្រមទាំងក្រុមគ្រួសារសាច់ញាតិទាំងឡាយរបស់លោកជំទាវ តែងស្រុះស្រួលមូលមតិគ្នា ឧបត្ថម្ភ ដឹកនាំបង្កើតឲ្យមានកម្មវិធីបុណ្យវិសាខបូជា និងបំបួសកុលបុត្រឡើង ដើម្បីបើកឱកាសឲ្យពុទ្ធបរិស័ទខ្មែរបានចូលរួមធ្វើបុណ្យ សន្សំកុសល ភ្ជាប់ឧបនិស្ស័យនឹងព្រះពុទ្ធសាសនា រួមចំណែកធ្វើឲ្យសាសនាព្រះសម្ពុទ្ធនៅកម្ពុជា ក៏ដូចជាសកល រីកចម្រើនលូតលាស់ ជាអនេកប្រយោជន៍។

នៅឆ្នាំ ២០២៤ នេះ លោកជំទាវ កែ សួនសុភី ស សុខា និងក្រុមគ្រួសារ ព្រមទាំងសាច់ញាតិ បានឧបត្ថម្ភ ដឹកនាំកម្មវិធីបុណ្យវិសាខបូជា និងបំបួសកុលបុត្រ ដល់កុលបុត្រ កុលធីតាខ្មែរចំនួន៥៤០រូប នៅខេត្តសៀមរាប ត្រង់វត្តព្រះឥន្ទទេព នៃបរិវេណក្រុងអង្គរធំ នាថ្ងៃ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ឈានចូល ២៥៦៨ ដែលត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ជាថ្ងៃបុណ្យវិសាខបូជា។ របៀបវារៈនៃកម្មវិធីបុណ្យមានដូចខាងក្រោម៖

សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជា ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ នាវត្តព្រះឥន្ទទេព បរិវេណក្រុងអង្គរធំ ដោយសេចក្ដីរីករាយជ្រះថ្លា ដើម្បីបានជាបុណ្យកុសលដ៏ប្រសើរ៕
អត្ថបទ៖ ឈិន ធារ៉ាត់

