KCSM2024-05-13 14-06pm

(ភ្នំពេញ)តាមរយៈវីដេអូសកម្មភាព និងអត្ថបទ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃពី ៣ ខែឧសភា ឆ្នាំ ២០២៤ ក្រសួងរ៉ែ និងថាមពលប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែង និងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមន៍មូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចិរភាព។
ជាមួយគ្នានេះក្រសួងរ៉ែ និងថាមពល អំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ឲ្យបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ ដោយរាយការណ៍អំពីសកម្មភាពជីករ៉ែអនាធិបតេយ្យទៅកាន់អាជ្ញាធរ ឬរាយការណ៍ទៅក្រសួងរ៉ែ និងថាមពល តាមរយៈលេខទូរស័ព្ទ ០៩៥ ៧២៧ ៧២៧ ។
មានប្រជាពលរដ្ឋអ្នកប្រើប្រាស់បណ្ដាញសង្គម មួយចំនួនបានសម្ដែងការគាំទ្រ និងសាទរចំពោះការប្ដេជ្ញា និងវិធានការនេះ ប៉ុន្តែមួយចំនួនទៀតបានបញ្ចេញមតិ ដោយលើកឡើងពីភាពយឺតយ៉ាវ និងភាពអសកម្មរបស់ស្ថាប័នថ្នាក់ក្រោមជាតិ ដែលមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់វិធានការនៅក្នុងមូលដ្ឋានខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ជារួមប្រជាពលរដ្ឋចង់ឲ្យក្រសួងរ៉ែ និងថាមពល ព្រមទាំងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ និងចាត់វិធានឲ្យមានប្រសិទ្ធភាព ស្មើភាព ធានាឲ្យបាននូវនូវផលប្រយោជន៍ជាតិ ដូចដែលបានប្ដេជ្ញាខាងលើ។
របរជីករ៉ែមាសរបស់ប្រជាពលរដ្ឋខ្មែរ មានតាំងពីយូរលង់ណាស់មកហើយ ដែលប្រជាពលរដ្ឋយើងតែងធ្វើឡើងជាលក្ខណៈគ្រួសារនៅពេលទំនេរពីការងារស្រែចម្ការ សម្រាប់ផ្គត់ផ្គង់ជីវភាពបន្ថែម ហើយប្រើប្រាស់ឧបករណ៍សាមញ្ញមាននៅក្នុងមូលដ្ឋាន និងមិនប្រើប្រាស់សារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់បរិស្ថានទេ។
ក្រសួងរ៉ែ និងថាមពលបានបង្ហាញពីការព្រួយបារម្ភថា មួយរយៈចុងក្រោយនេះ សកម្មភាពជីករ៉ែអនាធិបតេយ្យនៅតែបន្តមានកាន់តែធ្ងន់ធ្ងរជាមួយនឹងការប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះថ្មបំបែក និងជីករូងអណ្ដូងរ៉ែក្រោមដី ដែលអាចបង្កគ្រោះថ្នាក់បំផុត។ ក្រៅពីនេះសកម្មភាពអាជីវកម្មអនាធិបតេយ្យទាំងនេះ បន្តបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាព របស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋ នៅក្នុង និងក្រៅមូលដ្ឋាន។
ក្រសួងរ៉ែ និងថាមពល បានលើកឡើងពីបទល្មើសរ៉ែ ដែលកើតឡើងកាលពីពេលថ្មីៗ នេះថា ក្រសួងរ៉ែ និងថាមពលបានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី អមដោយកងកម្លាំងមានសមត្ថកិច្ច ចុះអនុវត្តច្បាប់លើសកម្មភាពខុសច្បាប់ទាំងនេះឡើងវិញ និងបានសហការជាមួយអ្នកជំនាញរបស់ JICA មកពីសកលវិទ្យាល័យហុកកៃដូនៃប្រទេសជប៉ុន និងវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជាដោយសិក្សាពីផលប៉ះពាល់ ដូចជា អាស៊ីដ និងសារធាតុលោហៈផ្ទុកក្នុងទឹក ដែលអាចបង្កហានិភ័យខ្ពស់ដល់សុខភាព។ ក្រុមជំនាញយើងកំពុងសិក្សាពីវិធីសាស្ត្របន្សាបអាស៊ីដ និងសារធាតុពុល ដោយប្រើប្រាស់វិធីសាស្ត្រអកម្ម (Passive Treatment) នាពេល ខាងមុខនេះ ដើម្បីជាប្រយោជន៍ដល់សុខុមាលភាព សង្គម និងបរិស្ថាននៅតំបន់អតីតអនាធិតេយ្យរ៉ែ និងតំបន់ដែលរងប៉ះពាល់ក្បែរនោះ៕
ប្រភព៖ ក្រសួងរ៉ែ និងថាមពល




