Kcsm2024-05-12 10-30pm

កំពង់ឆ្នាំង ៖ មនុស្សចាស់ក្មេងចំនួន៤នាក់ រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ផ្ទុះគ្រាប់B40 គ្រាដែលក្មេងប្រុសខ្មែរឥស្លាមម្នាក់ រើសបោះលេង ស្រាប់តែផ្ទុះកក្រើកភូមិតែម្តង ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅចំណុចកោះមនោ ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង៤នាក់ ៖ ទី១ ឈ្មោះ សេន សារី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម(រងរបួសធ្ងន់) ។ ទី២ ឈ្មោះ សេន ពូកៅ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរឥស្លាម(រងរបួសធ្ងន់)។ ទី៣ ឈ្មោះ សេន ហ្វីស ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរឥស្លាម (រងរបួសស្រាល ) ។ ទី៤ ឈ្មោះ សេន ម៉ាលិច ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ( រងរបួសស្រាល ) ជាអ្នករើសបានយកបោះលេង ។
ប្រភពបន្តទៀតថា មុនកើតហេតុ ក្មេងប្រុសរងគ្រោះ ឈ្មោះ សេន ម៉ាលិច រើសបាន មិនស្គាល់ថាជាអ្វី ក៏យកបោះលេង ម្តងហើយម្តងទៀត លើកទី២ផ្ទុះកក្រើកភូមិតែម្តង បណ្តាលឱ្យរងរបួសធ្ងន់២នាក់ របួសស្រាលក្មេងប្រុស២នាក់ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ អាជ្ញាធរ សមត្ថកិច្ច អំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ កាលបើប្រទះឃើញគ្រាប់យុទ្ធភ័ណ្ទមិនទាន់ផ្ទុះ ឬរបស់អ្វីដែលមិនស្គាល់ សង្ស័យ សូមរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចដែលនៅក្បែរលោកអ្នក ៕
អត្ថបទ៖តាតុងសែនជ័យ