KCSM 2024-04-23 01-07pm

បន្ទាយមានជ័យ៖ ផឹកស្រវឹងរករឿងប្រពន្ធ ពេលប្រពន្ធ
រត់ចោល ខឹងថាគ្មានអ្នកនៅផ្ទះដាំបាយ ដុតផ្ទះ និងម៉ូតូឆេះខ្ទិចគ្មានសល់ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ស្ថិតភូមិតោជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា ជនសង្ស័យមានឈ្មោះ សុវណ្ណ សល់ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅឃុំស្វាយចេក ស្រុកស្វាយចេក បានយកដែកកេសមកដុតម៉ូតូឆេះអស់១គ្រឿង ហើយបន្តដុតផ្ទះឈើប្រក់ស័ង្កសីទំហំ៦ម៉ែត្រ ទទឹង៥ម៉ែត្រ ឆេះអស់១ខ្នង និងឆេះអស់ទ្រព្យសម្បត្តិអស់ទាំងស្រុង សរុបថវិកា៥លានរៀល ហើយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ។
តាមលោកវរសេនីយ៍ឯក ជា ស្លូញ បន្ថែមថា ក្រោយឃាត់ខ្លួនជនសង្ស័យ បានសារភាពថា មូលហេតុដែលដុតម៉ូតូនិងផ្ទះចោលព្រោះខ្លួនខឹងប្រពន្ធរត់ចោល មានផ្ទះគ្មានអ្នកនៅ ទើបទើបខ្លួនធ្វើបែបនេះ តែមិនមានអ្នកគ្រោះថ្នាក់រងរបួសនោះទេ។ ជនសង្ស័យមានប្រវត្តិប្រើប្រាស់គ្រឿងញៀន ធ្លាប់ដាក់មណ្ឌលអប់រំកែប្រែ ហើក៏ជាមនុស្សស្រវឹងខួប វាយធ្វើបាបប្រពន្ធ រហូតប្រពន្ធទ្រាំលេងបានរត់ចោលតែម្តងទៅ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ ប៉ោយប៉ែត