KCSM2024-04-22 03-15pm

ខេត្តព្រះវិហារ÷កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរតនៈ ស្រុករវៀង បានទទួលបណ្តឹងពីឈ្មោះ អឹម ម៉ៅ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិកេរ ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ ថាមានករណី ជនសង្ស័យលួចបាញ់ក្របីរបស់ខ្លួនស្លាប់នៅចំណុចចំការរបស់ឈ្មោះ ហេង ចេតនា ហៅចែត ភេទប្រុស អាយុ៥៤ឆ្នាំរស់នៅជាមួយគ្នា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ក្រោយពីទទួលបណ្តឹង កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរតនៈ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងការបំភ្លឺពីសាក្សីឈានទៅដល់ការកំណត់មុខសញ្ញាមកធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់អាវុធ AK47 បាញ់ទៅលើសត្វក្របីចំនួន ០២ក្បាល បណ្តាលឲ្យស្លាប់នៅលើចំការរបស់ខ្លួនចំនួន ០១ក្បាល និងចំនួន ០១ក្បាលទៀតរត់ចេញទៅក្រៅ ក្រោយពីធ្វើសកម្មភាពរួច ខ្លួនបានយកអាវុធទៅលាក់ទុកក្រោមគ្រែក្នុងផ្ទះរបស់ខ្លួន។ ក្រោយពីបានទទួលចម្លើយសារភាម បាននាំជនសង្ស័យទៅឆែកឆេរ និងដកហូតយកអាវុធ AK47 បានចំនួន ០១ដើម និងបង់ចំនួន០២ យកមកបំពេញនិតិវិធីតាមផ្លូវច្បាប់ និងបញ្ជូនទៅតុលាការខេត្តព្រះវិហារ។
ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ÷ សូមអំពាវនាវដល់ម្ចាស់សត្វពាហនៈទាំងអស់ឲ្យមានភាពទទួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់ថែរក្សាជៀសវាងមានបាតុភាពដូចខាងលើនេះ។

