Kcsm2024-04-14 10-05pm

មណ្ឌលគិរី ៖ ស្ត្រីម្នាក់ខណៈដែលកំពុងដើររកជីកទំពាំង ត្រូវបានសត្វដំរីព្រៃមួយក្បាលដេញចាប់បោកបណ្តាលឱ្យស្លាប់ ក្នុងព្រៃឫស្សី កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចអូរដំរីផុង ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
សពស្រ្តីរងគ្រោះមានឈ្មោះ សែម ស៊ីណាត អាយុ៣៨ឆ្នាំ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានស្រុកកំណើតនៅ ភូមិមេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះ រួមជាមួយប្តី ចេញទៅរកជីកទំពាំង ដោយដើររកជីកផ្សេង ឆ្ងាយពីគ្នា ហើយខណៈដែលស្ត្រីរងគ្រោះកំពុងជីក តាមមាត់អូរ ស្រាប់តែសត្វដំរីព្រៃមួយក្បាលចេញមក ដេញចាប់ជនរងគ្រោះ បោកបណ្តាលឱ្យស្លាប់ ។
ក្រោយកើតហេតុ ក្រុមគ្រួសារមិនហ៊ានចូលទៅយកសពជនរងគ្រោះទេ ហៅបងប្អូនអ្នកភូមិ សមត្ថកិច្ចឱ្យជួយ យកសពចេញពីព្រៃឫស្សី ។ សពស្ត្រីរងគ្រោះ ក្រោយពីយកចេញបានហើយ សមត្ថកិច្ចពិនិត្យរួចប្រគគល់ជូនក្រុមគ្រួសារដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕
អត្ថបទ៖ តាតុងសែនជ័យ
