KCSm2024-04-03 09-23am

ភ្នំពេញ ៖ រថយន្តនីសាន់មួយគ្រឿង បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ ក្នុងស្ថានភាពស្រវឹងសល់ពីយប់ បើកបោះពួយល្បឿនលឿន ងោកមួយភាំង រេចង្កូតបុកចូលផ្ទះអ្នកលក់ដូរ ប៉ើងរប៉ាត់រប៉ាយ ខ្ទេចអស់អីវ៉ាន់ ម៉ូតូ២គ្រឿងរងខូចខាត របួស៣នាក់ កាលពីវេលាម៉ោង៧និង០៥នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សុឹង ហ៊ន ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះកើតហេតុ ។ ជនរងគ្រោះ២នាក់ទៀត ម្នាក់ជាក្មួយម្ចាស់ផ្ទះ និងម្នាក់ទៀត ជាភ្ញៀវ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BV-0864 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង សល់ពីយប់ បើកល្បឿនលឿនពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ងោកមួយភាំង រេចង្កូតឡើងចិញ្ចើមផ្លូវ ជ្រុលបុកចូលផ្ទះអ្នកលក់ដូរ បុកស្លាកប៉ាណូ ដាច់ប៉ើង ម៉ូតូ២គ្រឿងរងខូចខាត ខ្ទេចខ្ទីអស់អីវ៉ាន់ បាក់សំយ៉ាបផ្ទះ របួស៣នាក់ ក្នុងនោះម្ចាស់ផ្ទះ២នាក់ ភ្ញៀវម្នាក់ ជាអ្នកលក់ត្រីចំហុយ ដែលឈប់ម៉ូតូ ចូលហូបបាយ ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅមន្ទីរពេទ្យដោយខ្លួនឯង ចំណែកជនជាតិចិន ជាអ្នកបើកបររថយនហតបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅប៉ុស្តិ៍ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ប្រគល់ឱ្យជំនាញខណ្ឌដង្កោ ដើម្បីពិនិត្យ យករថយន្តនិងអ្នកបើកបរ ទៅអធិការដ្ឋាន ដើម្បីស្រាយផលប៉ះពាល់ជាក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ