2024-04-02 09:38am

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី​បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤។

ខាងក្រោមជាខ្លឹមសារសំខាន់ៗនៃប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះ ស្របពេលដែលយើងត្រូវ ដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រ និងចាប់យកកាលានុវត្តភាព ដែលកំពុងកើតមាន នៅក្នុងតំបន់របស់យើង។ មូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» គឺជារបៀបវារៈចំកាលៈទេសៈ និងមានមហិច្ឆតា។

  • សម្តេចធិបតី បានថ្លែងដោយបានកត់សម្គាល់ឃើញថា សុន្ទរកថាគន្លឹះនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូល នឹងពិភាក្សាស៊ីជម្រៅ អំពីបញ្ហាសំខាន់ៗ ដែលមានការពាក់ព័ន្ធ ខ្ពស់នឹងតំបន់របស់យើង ប្រធានបទដែលត្រូវបានជ្រើសរើស ឆ្លុះបញ្ចាំងឱ្យឃើញពីការយល់ដឹងយ៉ាងជ្រាលជ្រៅ អំពីគោលការណ៍ណែនាំរបស់អាស៊ាន, ការអភិវឌ្ឍថ្មីៗ និង ទីតាំងជាយុទ្ធសាស្ត្ររបស់កម្ពុជា ។
    សម្តេចធិបតី បានថ្លែងថា ការជួបជុំរបស់យើងនៅថ្ងៃនេះ មានសក្ដិនុពល ក្នុងការបង្កើតជាកាតាលីករ សម្រាប់ការបង្កើនកិច្ចសហការធុរកិច្ច និងពង្រឹងទំនាក់ ទំនងរវាងប្រជាជាតិអាស៊ាន និងដៃគូសកលរបស់យើង កិច្ចសហការបែបនេះ អាច បង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់វិបុលភាពរួម និងអនាគតសេដ្ឋកិច្ច ដែលមានភាពធន់ជាង មុន សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាស៊ាន បានពង្រឹងជំហររបស់ខ្លួន ក្នុងនាមជាកម្លាំងសេដ្ឋកិច្ចមួយក្នុងសកលលោក ដែលមានកំណើនរឹងមាំ, កម្លាំងពលកម្មពេញដោយជវភាព និងកិច្ច ខិតខំប្រឹងប្រែងក្នុងការធ្វើសមាហរណកម្មជាលំដាប់។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំ ជាងគេទីប្រាំនៅលើសកលលោក និងតែងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច នៅពេលប្រឈម នឹងភាពមិនប្រាកដប្រជាសកល ។ យោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បូកបី (AMRO), សេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករថានឹងមានកំណើន ៤,៣% ក្នុងឆ្នាំ ២០២៣ និង ៤,៩% ក្នុងឆ្នាំ ២០២៤ ដែលការណ៍នេះ គូសបញ្ជាក់ពីភាពខ្លាំង និងសមត្ថភាពសម្របខ្លួនរបស់តំបន់អាស៊ាន។
    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេដ្ឋកិច្ចអាស៊ាន ប្រើប្រាស់គំរូនៃកំណើនសម្រាប់ទាំងអស់គ្នា និងមានសក្តានុពលខ្ពស់ ក្នុងការក្លាយទៅជាស្នូល នៃកំណើនសម្រាប់តំបន់អាស៊ានខ្លួនឯងផង និងតំបន់ផ្សេង ទៀតជុំវិញសកលលោកផង។ សេដ្ឋកិច្ចអាស៊ានមានភាពរឹងមាំ ដោយសារអន្តរកម្មប្រកប ដោយជវភាពនៃពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ដែលបំពេញបន្ថែមដោយកិច្ចសហការជាយុទ្ធសាស្ត្រជាមួយដៃគូសន្ទនា ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ អាស៊ានជាមួយសេដ្ឋកិច្ចធំៗ ដូចជា៖ អូស្ត្រាលី, នូវែលហ្សេឡង់, ចិន, ជប៉ុន, ឥណ្ឌា និង កូរ៉េ បង្ហាញអំពីការតម្រង់ទិស ប្រកបដោយជោគជ័យរបស់អាស៊ាន នៅក្នុងទិដ្ឋភាពភាពជា ដៃគូសេដ្ឋកិច្ច។

អត្ថបទ:សង្គម