KCSM2024-03-12 11-15am

ភ្នំពេញ៖ នៅក្នុងសប្ដាហ៍កន្លងទៅនេះ មន្រ្តីអត្តសញ្ញាណកម្មទូទាំងប្រទេស ក្របខណ្ឌអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដល់សេវា អត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋទាំង២៥ រាជធានី-ខេត្ត បានចំនួន១៦.៦២២សេវា។ នេះបើតាមលោក បណ្ឌិតទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ កាលពីសប្ដាហ៍មុន មានសេវាអត្តសញ្ញាណកម្មប្រមាណ២ម៉ឺនសេវាត្រូវបានមន្រ្តីផ្ដល់ជូនប្រជាពលរដ្ឋ។
សម្រាប់សប្ដាហ៍ចុងក្រោយនេះវិញ សេវាដែលបានផ្ដល់ជូនប្រជាពលរដ្ឋនោះរួមមាន៖ សេវាអត្តសញ្ញាណបណ្ណមានចំនួន៥.៥០៦សន្លឹក, លិខិតឆ្លងដែនមានចំនួន៥.៦៨៦លិខិត, លិខិតធ្វើដំណើរមានចំនួន១.៣២៨លខិត, សៀវភៅស្នាក់នៅមានចំនួន២.២៧៩ក្បាល, សៀវភៅគ្រួសារមានចំនួន១.៨២៣ក្បាល។

គួរកត់សម្គាល់ថា ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងទស្សនៈ«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក៏បាននឹងកំពុងសហការជាមួយស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ (ខាងត្បូង) ផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនពលរដ្ឋ និងពលករខ្មែរនៅទីនោះផងដែរ៕

អត្ថបទ៖ សង្គម