Kcsm2024-01-02 02-11pm

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានបង្ហោះឃ្លីបវីដេអូកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ជុំវិញការលើកឡើងរបស់ក្រុមពលករជំនាញ កម្មសិក្សាការី និស្សិត និងសហគមខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសជប៉ុន ដោយបានអះអាងថា ពួកគេបានមកកាន់ទីតាំងមានសុវត្ថិភាពល្អហើយ បន្ទាប់ពីហានិភ័យនៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុនត្រូវបានថមថយឥទ្ធិពលវិញ។
ក្រសួងការងារបញ្ជាក់ទៀតថា ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន គឺចាប់តាំងពីម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ រហូតដល់ម៉ោង ១០យប់ ម៉ោងនៅកម្ពុជា គឺហានិភ័យនៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុនត្រូវថមថយឥទ្ធិពល។

ចំពោះមុខនេះក្រសួងការងារអះអាងទៀតថា នៅមិនទាន់មានព័ត៌មានអំពីពលករជំនាញ កម្មសិក្សាការី និស្សិត និងសហគមខ្មែរនៅជប៉ុន មានគ្រោះថ្នាក់ ឬទំនាក់ទំនងស្នើសុំជំនួយពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស ជប៉ុន ឬក្រសួងការងារ ឬសមាគមនិយោជកជប៉ុន ឬទីភ្នាក់ងារជ្រើសរើសពលករកម្ពុជានៅឡើយនោះទេ។
សូមបញ្ជាក់ថា​ បច្ចុប្បន្ននេះ អាជ្ញាធរជប៉ុនបានជម្លៀសពលរដ្ឋ និងជនបរទេសដែលរួមទាំងពលរដ្ឋខ្មែរផង ទៅទីកន្លែងដែលមានសុវត្ថិភាព។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាព របស់ពលរដ្ឋខ្មែរនៅក្នុងតំបន់កើតហេតុ។

ដោយឡែកនៅព្រឹកថ្ងៃអង្គារទី០២ ខែមករា ឆ្នាំ២០២៤នេះ ការប្រកាសអាសន្នពីរលកស៊ូណាមិ និងការណែនាំផ្សេងៗត្រូវបានដកចេញវិញ រីឯទំហំនៃការខូចខាតកំពុងស្ថិតនៅក្រោមការវាយតម្លៃ។

សូមរំលឹកថា គ្រោះរញ្ជួយដី កម្រិតធ្ងន់ ៧.៦ រ៉ិចទ័រវាយប្រហារភាគកណ្ដាលនៃប្រទេសជប៉ុន កាលពីថ្ងៃទី១ ខែមករា ម្សិលមិញដោយបានឆក់យកជីវិតមនុស្ស ៨នាក់ ក្នុងខេត្ត Ishikawa។ ចំណែក មនុស្សរាប់សិបនាក់ផ្សេងទៀតត្រូវរងរបួស ក្នុងខេត្ត shikawa, Niigata, Fukui, Toyama និងខេត្ត Gifu ខណៈ អគារ ផ្ទះ និងហាងទំនិញមានអាយុជាង ១០០ឆ្នាំត្រូវបានភ្លើងឆេះក្នុងទីក្រុង Wajima៕

ព័ត៌មានសង្គម