KCSM 2023-12-04 11-08am

បន្ទាយមានជ័យ៖ សង្សារជាជនបរទេស១គូ ស្រវឹងស្រាបើករថយន្តកៀរម៉ូតូដួល៣គ្រឿង និងហួសបុកស្លាកយីហោមួយកន្លែងទៀត ហើយមិនព្រមឈប់ បែជាព្យាយាមបើករត់គេច
ទាល់តែប្រជាពលរដ្ឋជួយឃាត់ចាប់បាន នៅវេលាម៉ោង០០.១០នាទីឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅខាងត្បូង១០០ម៉ែត្រក្លឹបកំសាន្តស្តាឡៃ ក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
តាមក្រុមម៉ូតូឌុបម្ហូបកម្ម៉ង់បានប្រាប់ថា ខណៈដែលម៉ូតូរបស់ពួកគាត់ចតមុខហាងស្រាប់តែមានរថយន្តសេស៊ីទំនើបពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2B.9131 បើកបរដោយស្ត្រីជនជាតិថៃ និងអ្នករួមដំណើរម្នាក់ជនជាតិឥណ្ឌូនេស៊ី ជាសង្សារនិងគ្នា បានបើកកៀរម៉ូតូរបស់ពួកគាត់បីគ្រឿងខូចខាតយ៉ាងដំណំដែរ និងបុកស្លាកយីហោហាងមួយទៀត ហើយព្យាយាមបើករត់តែត្រូវបានពួកគាត់នាំគ្នាបើកស្ទះទាន់ រួចទាមទារសំណងសរុប២៥០ដុល្លារអាមេរិក តែជនជាតិមិនព្រមសងទើប បានជាជជែកគ្នាយូរយ៉ាងនេះ។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ក្រោយពេលគ្រោះថ្នាក់កើតឡើង សមត្ថកិច្ចបានទុកពេលឲ្យពួកគាត់សម្រួលគ្នា តែយូរពេកនៅតែសម្រួលគ្នាមិនត្រូវ ខាងជនបរទេសបើកបរក្នុងស្ថានភាពស្រវឹង ពេលដែលសមត្ថកិច្ចបម្រុងយកម៉ូតូនិងរថយន្តទៅប៉ុស្តិ៍ ខាងជនបរទេសព្រមសងសំណងសរុប២៥០ដុល្លារបញ្ចប់រឿង។
ប្រជាពលរដ្ឋសំណូមពរឲ្យសមត្ថកិច្ចជំនាញ ពង្រឹងច្បាប់ចរាចណ៍លើជនបរទេស ព្រោះឃើញថានៅក្រុងប៉ោយប៉ែតមានជនជាតិបរទេសបើកបររថយន្តដោយខ្លួនឯងច្រើន សូមពិនិត្យប័ណ្ណបើកបរ និងធ្វើការផាកពិនិត្យពេលដែលបើកបរក្នុងស្ថានភាពស្រវឹង ដែលតែងតែបង្កគ្រោះថ្នាក់ដល់អ្នកដទៃ៕

អត្ថបទ៖ ប៉ោយប៉ែត