kcsm2023-12-01 11-03am

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
បានជំរុញឲ្យ មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីល ធម៌ សុជីវធម៌ របស់កូនទាំងនៅក្នុងគ្រួសារ សាលារៀន និងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែមនៅផ្ទះ ឬបង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមនៅផ្ទះ ជាពិសេសការចូលរួមអានសៀវភៅជាមួយកូន ជាដើម។
បន្ថែមពីលើនេះ មាតាបិតា អ្នកអាណាព្យាបាលត្រូវផ្គត់ផ្គង់សម្ភារសិក្សា ទិញសៀវភៅ លំហាត់ឱ្យកូន សម្រាប់ហ្វឹកហាត់ទាំងនៅសាលារៀន និងនៅផ្ទះ, ចូលរួមគាំទ្រជាសម្ភារៈ ថវិកា ដល់ដំណើរការ បណ្ណាល័យនៅតាមសាលារៀន, ចូលរួមក្នុងការអភិវឌ្ឍសាលារៀន, និងគាំទ្រដល់គ្រូបង្រៀន តាមគ្រប់លទ្ធភាព។
ការថ្លែងជំរុញរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះធ្វើឡើងតាមរយៈសារលិខិតរបស់សម្តេចក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៣-២០២៤នៅថ្ងៃទី១ខែធ្នូឆ្នាំ២០២៣នេះ។
ក្នុងសារលិខិតនោះដែរ សម្តេចនាយករដ្ឋមន្ត្រីក៏បានរំលឹកឲ្យ ប្អូនៗ ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រនិងស្រាវជ្រាវ ឱ្យបានខ្ជាប់ខ្ជួននិងចូលរួមធ្វើ “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិ យើងទាំងមូល។ ជាមួយនេះដែរ សូមប្អូនៗ ក្មួយៗ សិស្សានុសិស្ស ចងចាំជានិច្ចថា បើយើង ស្រឡាញ់ខ្លួន ស្រឡាញ់ឳពុកម្ដាយ និងចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ៕



