KCSM 2023-10-09 03-32pm


(អន្តរជាតិ)អ៉ីស្រាអែល ដែលកំពុងប្រយុទ្ធប្រឆាំង និងកំពុងរងការវាយប្រហារដ៏សាហាវបំផុតមិនធ្លាប់មាននៅលើទឹកដីរបស់ខ្លួន បានប្រកាសសង្រ្គាមលើក្រុមហាម៉ាស់កាលពីថ្ងៃអាទិត្យ ខណៈដែលចំនួនអ្នកស្លាប់ក្នុងសង្រ្គមនេះ បានកើនឡើងលើសពី ១,០០០នាក់ហើយ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។
នាយករដ្ឋមន្ត្រីអ៉ីស្រាអ៊ែល លោក Benjamin Netanyahu មានភាពតក់ស្លុតចំពោះសង្គ្រាមនេះ បន្ទាប់ពីក្រុមហាម៉ាស់ បានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ទៅលើអ៉ីស្រាអែល ហើយបានបញ្ជូនក្រុមយុទ្ធជនដែលបានបាញ់សម្លាប់ជនស៊ីវិល និងចាប់ចំណាប់ខ្មាំងយ៉ាងហោចណាស់ ១០០នាក់ ។


ប្រជាជនអ៉ីស្រាអែលជាង ៧០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីក្រុមហាម៉ាស បានបើកការវាយប្រហារទ្រង់ទ្រាយធំរបស់ខ្លួន នេះបើយោងតាមតួលេខចុងក្រោយបំផុតពីកងកម្លាំងការពារអ៉ីស្រាអែល (IDF) នាថ្ងៃចន្ទនេះ ដែលជាការខាតបង់ដ៏អាក្រក់បំផុតរបស់ប្រទេសចាប់តាំងពីសង្គ្រាមអារ៉ាប់-អ៉ីស្រាអែលឆ្នាំ១៩៧៣។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីតំបន់ហ្គាហ្សា បានរាយការណ៍ថា មានអ្នកស្លាប់យ៉ាងហោចណាស់ ៤១៣នាក់ នៅក្នុងតំបន់ក្រីក្រ និងមនុស្សប្រមាណជា ២.៣លាននាក់ ត្រូវជាប់គាំងនៅតំបន់មួយចំនួន ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ទៅលើគោលដៅចំនួន៨០០ផ្សេងទៀត នៅចំពោះមុខអ្វីដែលមនុស្សជាច្រើនភ័យខ្លាចថា អាចជាការឈ្លានពានទឹកដីដែលកំពុងមានភាពចលាចល។
យ៉ាងណាម៉ិញ ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាឱ្យ «មានការគាំទ្របន្ថែមសម្រាប់ប្រទេសអ៉ីស្រាអែល ក្នុងការប្រឈមមុខនឹងការវាយប្រហារភេរវកម្មដែលមិនធ្លាប់មានពីមុនមកដោយក្រុមហាម៉ាស»។ ទន្ទឹមនោះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានបញ្ជាក់ថា «ជនជាតិអាមេរិកជាច្រើន ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល» ប៉ុន្តែគេមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា «ទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់ជំនួយយ៉ាងឆាប់រហ័សដល់កងកម្លាំងការពារអ៉ីស្រាអែល ជាមួយនឹងឧបករណ៍ និងធនធានបន្ថែម រួមទាំងគ្រាប់បែកផងដែរ»។ លោក Austin បន្ថែមថា លោកបានដឹកនាំនាវាផ្ទុកយន្តហោះ USS Gerald R Ford និងក្រុមនាវាចម្បាំង ទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ហើយថា ទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនកងយន្តហោះចម្បាំងនៅក្នុងតំបន់បន្ថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ ក្រុម Hamas បាននិយាយថា «ជំនួយរបស់សហរដ្ឋអាមេរិក គឺស្មើនឹង «ការឈ្លានពាន ប្រឆាំងនឹងប៉ាឡេស្ទីន»។
ប្រទេសបរទេស ជាច្រើនបានរាយការណ៍ថា ជនស៊ីវិលជាច្រើនបានស្លាប់ ឬត្រូវចាប់ពង្រត់ ឬក៏បាត់ខ្លួនក្នុងការប្រយុទ្ធគ្នាក្នុងនោះមានប្រជាជនមកពី ៖ ប្រេស៊ីល អង់គ្លេស បារាំង អាល្លឺម៉ង់ អៀរឡង់ ម៉ិកស៊ិក នេប៉ាល់ ថៃ កម្ពុជា និងអ៊ុយក្រែន។
ក្នុងប្រត្តិបត្តិការនេះកងកម្លាំងអ៉ីស្រាអែលរាប់ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធជាមួយក្រុមអ្នកប្រយុទ្ធហាម៉ាស នៅភាគខាងត្បូង ជាកន្លែងដែលសាកសពជនស៊ីវិលជាច្រើន បានស្លាប់ពាសពេញផ្លូវថ្នល់និងនៅកណ្តាលទីក្រុង។
សូមជម្រាបថា កាលពីថ្ងៃសៅរ៍ ក្រុម Hamas បានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់សំដៅទៅកាន់អ៉ីស្រាអែល ហើយបានបញ្ជូនក្រុមខ្មាន់កាំភ្លើងរបស់ខ្លួន ឱ្យឆ្លងព្រំដែនដើម្បីចូល លុកលុយដល់ក្នុងទឹកដីអ៉ីស្រាអែល។ ខណៈនៅខាងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ថា មនុស្សច្រើនជាង៣៥០នាក់បានស្លាប់ និងជាង១,៨០០នាក់ បានរងរបួស ហើយរាប់សិបនាក់ទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង។ រីឯក្រសួងសុខាភិបាលនៅ Gaza បានអះអាងថា ជនជាតិប៉ាឡេស្ទីន៣១៣នាក់ ត្រូវបានសម្លាប់ និងប្រមាណ១,៩៩០នាក់ទៀត បានរងរបួសនៅក្នុងតំបន់នោះ ដោយសារតែការវាយប្រហារសងសឹកតាមផ្លូវអាកាស របស់អ៉ីស្រាអែល៕
ប្រភព៖ CNA
