KCSM 2023-09-29 10-37am

បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បើករថយន្តRIVOឆ្លងផ្លូវជ្រុលទៅបុកម៉ូតូហុងដាឌ្រីម បណ្តាលឱ្យបុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង អ្នកបើកបររថយន្ត ឃើញរន្ធត់ពេក ចុះមកអង្គុយទ្រហោរយំរហូតគាំងបេះដូង ។

ហេតុការណ៍ខាងល់កើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខភោជនីយដ្ឋានផ្កាយព្រឹក ស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ បានស្លាប់នៅកន្លែងមានឈ្មោះ ខុង សុវណ្ណ ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបររត់ម៉ូតូឌុ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ ចំណែកស្ត្រីជាអ្នកបើកបររថយន្តបង្ក មានឈ្មោះ ប្រាំង សារាត អាយុ៦៨ឆ្នាំ រស់នៅភូមិរោចម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ក្បែរកន្លែងកើតហេតុដែរ ។


ប្រភពបន្តទៀតថា មុនកើតហេតុ ស្ត្រីខាងលើ បើករថយន្តម៉ាកRIVO ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-9055 តាមផ្លូវលំពីត្បូងទៅជើង ឆ្លងឡើងផ្លូវជាតិ៥ ជ្រុលបុកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០០៨ ពាក់ស្លាក់លេខ បន្ទាយមានជ័យ 1B-4518 អូសឆ្លងផ្លូវទៅបុកផ្ទប់ផ្ទះលក់គ្រឿងសំណង់ បណ្តាលឱ្យស្លាប់ជនរងគ្រោះ ស្ត្រីជាអ្នកបើកបររថយន្ត ឃើញរន្ធត់ពេកចុះមកអង្គុយទ្រហោរយំរហូតគាំងបេះដូង ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ ប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្បើបុណ្យតាមប្រពៃណី រីឯមធ្យោបាយពាក់ព័ន្ធ សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ