KCSM 2023-09-27 11-46am

មនុស្សជាង ១០០នាក់បានស្លាប់ និង ១៥០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងអគ្គីភ័យឆាបឆេះអំឡុងពិធីជប់លៀងមង្គលការមួយកន្លែង ស្ថិតនៅក្នុងក្រុង ហាំដានីយ៉ាស់ (Hamdaniya) ក្នុងខេត្ត នីនេវេស (Nineveh) ភាគខាងជើង ប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣។
អភិបាលរងខេត្ត Nineveh លោក ហាសាន់ អាល់-អាឡាក់ (Hasan al-Allaq) បានប្រាប់ទីភ្នាក់ងាររ៉យទ័រ ថា មនុស្សចំនួន ១១៣នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបញ្ជាក់ថា តួលេខបឋមមានមនុស្សយ៉ាងតិច ១០០នាក់បានស្លាប់ និង ១៥០នាក់ទៀតរងរបួស។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះសាលប្រារព្ធពិធីមង្គលការដ៏ធំមួយ នៅក្នុងតំបន់ភាគឦសាន បន្ទាប់ពីបានបាញ់កាំជ្រួចនៅអំឡុងពេលប្រារព្ធពិធីមង្គលការនោះ។
សាក្សីនៅកន្លែងកើតហេតុបាននិយាយថា អគារនេះបានឆាបឆេះនៅម៉ោងប្រហែល ១០:៤៥នាទីយប់ ថ្ងៃអង្គារ (ម៉ោងក្នុងស្រុក) ហើយមានមនុស្សរាប់រយនាក់បានចូលរួមកម្មវិធី នៅម៉ោងកើតហេតុផងដែរ។
ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា អគារនេះធ្វើពីគ្រឿងសំណង់ដែលងាយឆេះខ្លាំង ដូច្នេះវាជាកត្តាមួយដែលជួយឱ្យសំណង់អគារនៃសាលពិធីអាពាហ៍ពិពាហ៍នេះ ងាយដួលរលំយ៉ាងឆាប់រហ័ស។
យោងតាមសេចក្ដីថ្លែងការណ៍ផ្លូវការបានឱ្យដឹងថា រថយន្ដសង្រ្គោះ និងក្រុមគ្រូពេទ្យ រួមទាំងក្រុមអ្នកពន្លត់អគ្គីភ័យបាននាំគ្នាស្វែងរក និងជួយសង្រ្គោះអ្នកនៅរស់រានមានជីវិត ខណៈក្រុមគ្រូពេទ្យត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ៕
ប្រភព៖ CNA
