KCSM 2023-09-24 11-54am

(ភ្នំពេញ)សម្ដេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តនូវគោលនយោបាយ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិដោយ មិនមានការផ្លាស់ប្ដូរឡើយ ហើយថាបញ្ហាសិទ្ធិមនុស្សកម្ពុជាបន្តការកសាងសង្គមមួយ ដោយឈរលើការ គោរពច្បាប់ និងគោលការណ៍នីតិរដ្ឋ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ការលើកឡើងខាងលើនេះនៅក្នុងខ្លឹមសារនៃជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អង់តូនីញ៉ូ ហ្គូទរ៉ស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ។
កាលពីថ្ងៃសុក្រទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមអង់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ។
ជាកិច្ចចាប់ផ្តើម ឯកឧត្ដមអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសម្តេចធិបតី និង គណៈប្រតិភូ និងបានគូសបញ្ជាក់ថា ប្រទេសនីមួយៗ ជាពិសេសប្រទេសដែលមានប្រាក់ចំណូលទាប ត្រូវរៀបចំឱ្យបានច្បាស់លាស់នូវក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច តាមរយៈការបន្ស៊ីជាមួយគោលដៅអភិវឌ្ឍន៍ប្រកបចីរភាព របស់អង្គការសហប្រជាជាតិ ។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាក្នុងការរៀបចំយុទ្ធសាស្ត្រការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច ពោលគឺយុទ្ធសាស្ត្របញ្ចកោណដែលបានបន្សំជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ដែលបានរៀបចំដំណើរការកសាងសន្តិភាព និងការរៀបចំការបោះឆ្នោតនៅកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលនាំឱ្យកម្ពុជាមានថ្ងៃនេះ ។
ជាមួយគ្នានេះ, សម្ដេចធិបតី ក៏វាយតម្លៃខ្ពស់ចំពោះការចូលរួម និងឧបត្ថម្ភគាំទ្រពីសំណាក់ អង្គការសហប្រជាជាតិ ក្នុងកិច្ចដំណើរការនៃការរៀបចំតុលាការកាត់ទោសខ្មែរក្រហម ដែលអនុញ្ញាតឱ្យ កម្ពុជាបិទបញ្ចប់នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ដើម្បីធ្វើដំណើរឆ្ពោះទៅរកអនាគតមួយដ៏ត្រចះត្រចង់ ។
សម្ដេចធិបតី ក៏បានជម្រាបជូន ឯកឧត្តមអគ្គលេខាធិការថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចធិបតី នឹងបន្តនូវគោលនយោបាយ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិដោយ មិនមានការផ្លាស់ប្ដូរឡើយ។ ជាក់ស្ដែង កម្ពុជាបន្តចូលរួមនៅក្នុងកិច្ចប្រតិបត្តិការថែរក្សា និងកសាង សន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដោយបានបញ្ជូនមន្ត្រីជំនាញខាងដោះមីន និងជំនាញ ផ្សេងទៀត ទៅបំពេញបេសកកម្ម ក្រៅប្រទេស ដែលមានចំនួនប្រមាណជាង ៩ ០០០ ពាន់នាក់ គិតមកដល់សព្វថ្ងៃនេះ។
ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស កម្ពុជាបន្តការកសាងសង្គមមួយ ដោយឈរលើការ គោរពច្បាប់ និងគោលការណ៍នីតិរដ្ឋ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ ជាងនេះទៅទៀត, ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចធិបតី បានចុះហត្ថលេខាបន្តសុពលភាពអាណត្តិអ្នករាយការណ៍ ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិនៅកម្ពុជា ដែលនេះ ឆ្លុះបញ្ចាំងអំពីសុច្ឆន្ទៈរបស់កម្ពុជាក្នុងការកែលម្អស្ថានភាពសិទ្ធិមនុស្ស បើទោះបីជានៅក្នុងតំបន់អាស៊ី អាគ្នេយ៍ទាំងមូល មិនមានប្រទេសណាអនុញ្ញាតឱ្យមានការិយាល័យរបស់អ្នកវាយតម្លៃស្ថានភាពសិទ្ធិ មនុស្សក៏ដោយ។ ក្នុងទិសដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០, រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់អនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានភ្ជាប់និងបន្សំជាមួយ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ក្នុងន័យនេះ, កម្ពុជាចង់ទទួល បាននូវការអភិវឌ្ឍមួយប្រកបដោយចីរភាពជាមួយអង្គការសហប្រជាជាតិ និងក្នុងស្មារតីវាយតម្លៃខ្ពស់ ដល់សុខសន្តិភាពពេញលេញ ដែលកម្ពុជាកំពុងទទួលបាន និងដែលជាចំណែកនៃការខិតខំប្រឹងប្រែង និងគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ ។
ជាមួយនឹងការពេញចិត្តចំពោះការពន្យល់ និងបកស្រាយរបស់ សម្តេចធិបតី, ឯកឧត្តម អគ្គលេខាធិការ បានបញ្ជាក់ជូនសារជាថ្មី កម្ពុជាគួរជឿជាក់ចំពោះប្រព័ន្ធអង្គការសហប្រជាជាតិ ដែលតែងតែមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការកាត់បន្ថយភាពក្រីក្រ, ការអនុវត្តគោលការណ៍នីតិរដ្ឋ និង ការគោរពសិទ្ធិមនុស្ស ក្រោមស្មារតីឈ្នះ ឈ្នះ ។ ក្នុងន័យនេះ, អង្គការសហប្រជាជាតិនឹងបន្តគាំទ្រ និង សហការជាមួយកម្ពុជា ដើម្បីសម្រេចបានជោគជ័យនៅក្នុងមាគ៌ានៃការរៀបចំគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា៕
ប្រភព សង្គម

