

(ភ្នំពេញ)សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានព្រមានសារជាថ្មីចំពោះក្រុម មេដឹកនាំនិង អ្នកគាំទ្រគណបក្សប្រឆាំងពិសេសគណបក្ស ភ្លើងទៀនដែលមានផែនការ ប្រមូលផ្តុំគ្នាដើម្បីតវ៉ាចំពោះការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សា ធម្មនុញ្ញដែលបានបដិសេធចុះឈ្មោះគណបក្សប្រឆំងមួយនេះ នៅក្នុង បញ្ជីឈ្មោះគណបក្សនយោបាយចូលរួមបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ នៅថ្ងៃទី ២៣ ខែកក្កដាខាងមុខនេះ។
ការព្រមានរបស់ប្រមុខរាជរដ្ឋាភិបាលនេះបានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេ និង ស្ពាន អាកាសឫស្សីកែវ នៅព្រឹកថ្ងៃទី៣១ខែឧសភា ឆ្នាំ ២០២៣នេះនិងបន្ទាប់ពីមានការប្រកាសប្រមូលផ្តុំអ្នកគាំទ្ររបស់ខ្លួនពីសំណាក់ គណបក្ស ភ្លើងទៀនដើម្បីតវ៉ាចំពោះការសម្រេចរបស់ស្ថាប័នទាំង២នេះ។
សម្រាប់ប្រមុខរាជរដ្ឋាភិបាល ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសមួយសម្តេច មាន សិទ្ធិគ្រប់គ្រងសណ្តាប់ធ្នាប់សម្រាប់មនុស្ស១៧លាន នាក់នៅក្នុងប្រទេស និងសម្រាប់ គ្រប់គណបក្សនយោបាយ មិនមែនសម្រាប់តែបក្សណាមួយនោះឡើយ។

សម្តេចមានប្រសាសន៍សង្កត់ធ្ងន់ថា ការខកខានមិនបានចូលរួមបោះឆ្នោត នាពេលខាងមុខនេះ គឺជាកំហុសរបស់បក្សមួយនេះ។ សម្តេចថែមទាំងបានអំពាវនាវឲ្យអ្នកគាំទ្ររបស់គណបក្សនេះសូមកុំជឿតាមការអំពាវនាវរបស់មនុស្សមួយចំនួន ហើយចូលរួមធ្វើបាតុកម្ម ដែលអាចនាំឲ្យប្រឈមមុខទៅនឹងការជាប់ពន្ធនាគារ។