

(ភ្នំពេញ)នៅសល់១២ថ្ងៃរាប់ថយក្រោយ នៃព្រឹត្តិការណ៍ ASEAN Para Games 12th នៅកម្ពុជា ថ្ងៃទី២២ ឧសភា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ១២ថ្ងៃទៀតប៉ុនណោះ នឹងឈានដល់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមតែងតែប្រារព្ធធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយមានការចូលរួមប្រកួតពីប្រតិភូអត្តពលិកដែលមានពិការភាពនៃប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ខណ:នៅឆ្នាំ២០២៣នេះ ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងរៀបចំនៅទឹកដីកម្ពុជា។
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មានកីឡា១៤ប្រភេទនឹងចូលរួមធ្វើការប្រកួតប្រជែងដណ្ដើមមេដាយរួមមាន៖
កីឡាជនពិការ អត្តពលកម្ម
កីឡាជនពិការ វាយសី
កីឡាជនពិការ ប៊ូស្យា
កីឡាជនពិការ អុក
កីឡាជនពិការ បាល់បោះពិការភ្នែក
កីឡាជនពិការ បាល់ទាត់ (ម្ខាង៧នាក់)
កីឡាជនពិការ បាល់ទាត់ (ម្ខាង៥នាក់)
កីឡាជនពិការ យូដូ
កីឡាជនពិការ លើកទម្ងន់
កីឡាជនពិការ ហែលទឹក
កីឡាជនពិការ វាយកូនឃ្លីលើតុ
កីឡាជនពិការ បាល់ទះអង្គុយ
កីឡាជនពិការ បាល់បោះជិះរទេះ
កីឡាជនពិការ អេឡិចត្រូនិក (កីឡាការប្រកួតសម្តែង)
រំលឹកថា កាលពីឆ្នាំ២០២២ កន្លងទៅ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ បានធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី ដែលកម្ពុជាបានបញ្ជូនអត្តពលិកចំនួន១១៥នាក់ ដើម្បីចូលរួមប្រកួតលើ១១ប្រភេទកីឡា។
ដោយឡែកនៅឆ្នាំ២០២៣នេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដោយមានកីឡាចំនួន១៤ប្រភេទ និងមានអត្តពលិកចូលរួម ដែលក្នុងនោះ មានកីឡាករ-កីឡាការិនីកម្ពុជាចំនួន៣១៧នាក់។
ក្រោយបិទបញ្ចប់ទាំងស្រុងនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២នេះ គឺកម្ពុជាឈរលំដាប់ទី៤ ដណ្តើមមេដាយជូនជាតិមេដាយសរុប២៨២ មេដាយមាស៨១ មេដាយប្រាក់៧៤ និងមេដាយសំរឹទ្ធ១២៧។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រទេសកម្ពុជានឹងចាប់ផ្តើមពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ដែលមានកីឡាចំនួន១៤ប្រភេទគឺ១៣ប្រភេទប្រកួតដណ្តើមមេដាយជាផ្លូវការ និង១ប្រភេទទៀតជាការប្រកួតសម្តែង៕
